ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០​ឡើង បាន​ចំនួន ៥៥.៧០០​នាក់

55

 

​ភ្នំពេញ ៖ មកដល់​ល្ងាច​ថ្ងៃទី​២៣ មីនា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​រួចជាស្រេច​នូវ​ទីតាំង​មាន​ចំនួន​២០​កន្លែង សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០​ឡើង​។ កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​មន្ទីរពេទ្យបង្អែក​ចំនួន ៣ ទីតាំង​លើ​១៤ ខណ្ឌ ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ល្ងាច​ថ្ងៃទី ២២ មីនា​នេះ​បានបញ្ជាក់​ឲ្យ​ដឹងថា យុទ្ធ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ក្រុមមនុស្ស​អាយុ ៦០​ឆ្នាំ​ឡើង​ចំនួន ៥៥.៧០០​នាក់ នៅ​រាជធានី​ភ្នំពេញ ជាការ​សម្រេច​ដោយ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​សុខភាព​ប្រជាជន​កម្ពុជា​ទូទៅ ក្នុងការ​ទទួលបាន​វ៉ាក់សាំង នឹង​ចាប់​ផ្តើមធ្វើ​ពីថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១ នេះ​តទៅ ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ស្តីពី យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វី​សែ​ល (CoviSHIELD) ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ផលិត​ពី អា​ស្ត្រា​ហ្សែ​នី​កា (AstraZereca) សម្រាប់​ក្រុមមនុស្ស​អាយុ​ពី​៦០​ឆ្នាំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​។​

​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស សូម​ជម្រាបជូន​សាធារណជន ទាំងអស់​ឱ្យបាន​ជ្រាបថា ដោយសារតែ​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មិនទាន់ មានការ​ថមថយ​នៅឡើយ​នោះ និង​យោងតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បាន​រកឃើញ​ថា ក្រុមមនុស្ស​វ័យចាស់ គឺជា​ក្រុម​ងាយ​រងគ្រោះ​ខ្ពស់​បើ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩ វា​ងាយ​វិវត្តន៍​ទៅជា​ធ្ងន់ធ្ងរ និង​បណ្តាលឱ្យមាន​អត្រា​ស្លាប់​ខ្ពស់ ការប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ នៅក្នុង​ការរួមចំណែក​បង្ការ​ភាព​ធ្ងន់ធ្ងរ​ពី​ការ​វ៉ៃ​លុក​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្តល់​អាទិភាព​ដល់​ក្រុមមនុស្ស​ដែលមាន​អាយុ​វ័យចាស់​ឲ្យ​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ ឲ្យ​បាន​ឆាប់​បំផុត ដែល​អាច​ធ្វើបាន​។

​ដោយមាន​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ -១៩ ក្នុង កម្រិត​ចំនួន​៥៥.៧០០​នាក់ ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​នៅ​រាជធានី​ភ្នំពេញ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ ២០២១ តទៅ​ចាប់ពី​ម៉ោង ០៨​និង​០​នាទី​ព្រឹក នៅតាម​ទីតាំង​ចំនួន​២០ ក្នុង​ខណ្ឌ​ចំនួន​១៤​។​

​លោកជំទាវ ឱ វណ្ណឌី​ន សូម​អញ្ជើញ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​សង្កាត់​ដែល​លោក អុំ ពូ មីង ពុក ម៉ែ បងប្អូន​ទាំងអស់​រស់នៅ​បច្ចុប្បន្ន ដើម្បី​ចុះឈ្មោះ និង​សម្របសម្រួល​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​ឱ្យបាន​ឆាប់​ជាទីបំផុត អនុវត្តន៍​តាម​ការណែនាំ និង​ការអញ្ជើញ​ពី​អាជ្ញាធរ​សង្កាត់ ទៅតាម​កម្មវិធី​ចាក់​វ៉ាក់សាំង​តាម​ពេលវេលា​កំណត់​ដើម្បី​ចៀសវាង​ការ​មក​កកកុញ ចាំ​យូរ​នៅ​កន្លែង​ចាក់​វ៉ាក់សាំង ដែល​បង្ក​ជា​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដែល​កំពុងតែ​ចរាចរ​យ៉ាងសកម្ម​នៅ​រាជធានី​ភ្នំពេញ និង​ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សហគមន៍​យើង​។ សូម​ជម្រាបជូន​ផងដែរ​ថា ការចាក់​វ៉ាក់សាំង​នេះ ត្រូវធ្វើ​ទៅតាម​ខណ្ឌ​នីមួយៗ ដែល មាន​ទីតាំង​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​ដូច​មាន​បង្ហាញជូន​ក្នុង​តារាង​ខាងលើនេះ​ស្រាប់ និង​សូម​លោកពូ អ៊ុ មាមីង ទាំងអស់ ដែល​ស្ម័គ្រចិត្ត​អញ្ជើញ​មកចាក់​វ៉ាក់សាំង ត្រូវ​អញ្ជើញ​មក​តាម​ការសម្របសម្រួល​របស់​អាជ្ញាធរ​សង្កាត់​ជា​ចាំបាច់ ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការចាក់​ជូន​សម្រាប់​បុគ្គល​ដែល​អញ្ជើញ​មក​ដោយ​ខ្លួនឯង ដែល​គ្មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន នោះឡើយ​។​

​ជាមួយគ្នា​នោះដែរ ទោះបីជា​បុគ្គល​ម្នាក់ៗ​បានទទួល​វាក់​សាំង​ហើយ​ក្តី ក៏ត្រូវ​តែ​បន្ត​ចូលរួម​អនុវត្តន៍​វិធាន​សុខាភិបាល ត្រួតពិនិត្យ និង​ការពារ​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច និង​សង្គម​ដោយ​បន្ត​អនុវត្ត នូវ​វិធានការ ការពារ (​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​) និង​៣​កុំ (​កុំទៅ​កន្លែង​មាន​មនុស្ស​កុះករ​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​) ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្តន៍​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ចៀសវាង​បាន​នូវ​ការឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព ឬ​មាន​ជំងឺ ឬ​សង្ស័យថា​មា​ការឆ្លង​ជំងឺ សូម​ប្រញាប់​ទៅ​ស្វែងរក​ការ ពិនិត្យ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ ១១៥៕

អត្ថបទដែលជាប់ទាក់ទង