ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមបូមទឹក ដាក់ស្រែ ដើម្បី រក្សាទឹកទុកប្រើប្រាស់ របស់ប្រជាពលរដ្ឋ និងសត្វពាហនៈ នារដូវប្រាំង ដែលមានការខ្វះខាតទឹក

32

 

មណ្ឌលគិរី ៖ បណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយព័ត៌មានថា ” សមត្ថកិច្ចចុះទៅចាប់ម៉ាស៊ីនបូមទឹក របស់កសិករ ដែលកំពុងបូមទឹកដាក់ស្រែ នៅចំណុចទំនប់ទឹកអូយ៉េស ភូមិសិរីមង្គល ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរ លោកមេភូមិ លោកមេឃុំ និងលោក ចៅហ្វាយស្រុក ឲ្យជួយ ស្ដារទំនប់ទឹកនេះឡើងវិញ ដើម្បីជួយប្រជាកសិករ មានទឹកធ្វើស្រែចំការគ្រាន់នឹងបានបូមទឹកដាក់ស្រែ តែបែរជាសមត្ថកិច្ច ទៅចាប់ម៉ាស៊ីនបូមទឹក និងហាមប្រាមប្រជាពលរដ្ឋមិនឲ្យបូមទឹកដាក់សែ្រ នាព្រឹក ថ្ងៃអាទិត្យទី ២១ ខែ មីនា ឆ្នាំ២០២១ “។

ប្រភពដដែល បានបញ្ជាក់ថា ប្រជាកសិករ មិនព្រមឲ្យចាប់ដកម៉ាស៊ីនបូមទឹកយកទៅប៉ុស្តិ៍ប៉ូលីសទេ ព្រោះម៉ាស៊ីនអត់ដឹងរឿងអីទេ អត់មានកំហុសខុសច្បាប់អ្វីទេ បើចង់ចាប់គឺចាប់មនុស្សទៅគាត់ឲ្យចាប់។ ប្រជាពលរដ្ឋឆ្ងល់ថា បើធ្វើប្រឡាយទឹកហើយមិនឲ្យកសិករបូមទឹកដាក់ស្រែ តើធ្វើប្រឡាយទឹកធ្វើអីដែរ ឬក៏ចង់ចាប់ម៉ាស៊ីនបូមទឹកទៅដើម្បីជំរិតឲ្យម្ចាស់ម៉ាស៊ីនបង់លុយ…????។

ពាក់ព័ន្ធនឹងករណីខាងលើេនេះ នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមបញ្ជាក់ជូនថា រយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានចុះសហការជាមួយអាជ្ញាធរស្រុក ក្រោមការដឹកនាំរបស់ លោក ស្តើង ផល្លា អភិបាលរងស្រុកកោះញែក ចុះធ្វើការណែនាំ និងបានធ្វើកិច្ចសន្យាចំនួន ០២លើករួចមកហើយ ដល់ប្រជារដ្ឋដែលបានបង្កបង្កើនផលដំណាំស្រូវ ដោយប្រើប្រាស់ទឹកទំនប់អូរយ៉េះ ស្ថិតក្នុងភូមិសិរីមង្គល ឃុំស្រែសង្គម ស្រុកកោះញែក ឲ្យពួកគាត់បង្កបង្កើនផលដំណាំស្រូវតែ០២ដង ក្នុងមួយឆ្នាំបានហើយ ព្រោះដើម្បីរក្សាទឹកទុកប្រើប្រាស់ របស់ប្រជាពលរដ្ឋ និងសត្វពាហនៈ នារដូវប្រាំង ដែលមានការខ្វះខាតទឹក តែបងប្អូនប្រជាពលរដ្ឋ ពួកគាត់មិនស្តាប់ តាមការណែនាំរបស់អាជ្ញាធរនោះទេ។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រីមេឃុំស្រែសង្គម បានចេញសេចក្តីជូនដំណឹងលេខ ០២៦ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលប្រើប្រាស់ទឹកទំនប់អូរយ៉េះនោះ។

សូមបញ្ជាក់ជូនដែរថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់មានការអនុវត្តន៍វិធានការច្បាប់នៅឡើយទេ តែបានដាក់វិធានការជាក់លាក់មិនឲ្យប្រជាពលរដ្ឋ បន្តបូមទឹកតទៅទៀតទេនារដូវប្រាំង ដើម្បីរក្សាទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងសត្វពាហនៈផងដែរ។

​ចំពោះការចុះផ្សាយរបស់អ្នកប្រើប្រាស់បណ្តាញសង្គម បានចោទថា សមត្ថកិច្ចចុះទៅចាប់ម៉ាស៊ីនបូមទឹក របស់កសិករ ដែលកំពុងបូមទឹកដាក់ស្រែ នៅចំណុចទំនប់ទឹកអូយ៉េស ភូមិសិរីមង្គល ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរីនោះ វាមិនមែនជាការពិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង