ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវ ជ្រុលបុករថយន្តមួយគ្រឿង បន្តបុកបង្គោលភ្លើងមួយដើមទៀត

42

 

ភ្នំពេញ ៖ បុរសវ័យ ៦៤ឆ្នាំម្នាក់ បើករថយន្ត ក៏ងងឹតមុខបណ្ដាលឲ្យ រថយន្តរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងមួយដើម រួចបន្តជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យ រងការខូចខាតយ៉ាងខ្លាំងតែមិនមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីថ្ងៃត្រង់ថ្ងៃទី ២៩ ខែមីនា​ឆ្នាំ ២០២១ ត្រង់ចំណុចខាងជើងស្ពានលីយ៉ុងផាត់ប្រហែល ២០០ ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តបង្ក ឈ្មោះ ជុំ ម៉ានីភេទប្រុសអាយុ ៦០ ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកTOYOTA RAV-4 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-9520 បើកបរដោយបុរសចំណាស់ម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងមកត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើម រួចរថយន្តបន្តល្បឿនទៅបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាកCAMRY ស៊េរីចាស់ មិនចាំផ្លាកលេខនោះទេ ដែលបើកបរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យ រថយន្តទាំង ២ រងការខូចខាតជាច្រើន រួមទាំងបង្គោលភ្លើងចំនួនមួយដើមផងដែរ តែមិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសនៅក្នុងហេតុការណ៍នោះទេ។

បើតាមបុរសវ័យ ៦០ ឆ្នាំដែលជាម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅ ពីជើងមកត្បូង ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែគាត់ងងឹតមុខ ក៏បណ្ដាលឲ្យរថយន្តរបស់គាត់រេចង្កូតឡើងសួន ពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងមួយដើម រួចរថយន្តបន្តល្បឿន ទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក CAMRY ស៊េរីចាស់ ដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង រួចគាត់ក៏បានសងសំណងទៅម្ចាស់រថយន្តCAMRY ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿង រួចរថយន្ត CAMRY ក៏បានបន្តដំណើរទៅមុខទៀតតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុរូចធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ ដោយសាររថយន្តបង្ក ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង