ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល ២សប្ដាហ៍

55

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តិសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសេចក្តីសម្រេចបែបនេះ ដោយយោងតាមអនុក្រឹត្យលេខ ៥៧ អនក្រ .បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ ស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចប្រការ១ ៖ ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។

ប្រការ២ ៖ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះរូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទាន អាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) ជាកំហិត ប៉ុន្តែ ទីតាំងអាជីវកម្មទាំងអាចលក់ជាលក្ខណៈ វេចខ្ចប់បាន។

ប្រការ៣ ៖ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួល ទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែចំពោះករណី ដូចខាងក្រោម ៖ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ។
ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ។ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល
ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។
ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ប្រការ ៤ ៖ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែចំពោះករណី ដូចខាងក្រោម៖
ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ គ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋនិងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន -អង្គភាព។
ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឱ្យ ការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន។
ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ -កម្មការិនី ទៅទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា – ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រការ៥ ៖ បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ ប្រការ៣ និងប្រការ៤ ខាងលើ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេ ៖ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

អត្ថបទដែលជាប់ទាក់ទង