ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ លេង TIK TOK ញុះញង់បំផុសផុល ករណីចាក់បង្ការថ្នាំកូវីដ១៩ នាំឱ្យមនុស្សស្លាប់

46

 

ភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសម្នាក់អ្នកលេងបណ្តាញព័ត៌មានសង្គម (TIK TOK) បង្ហោះឃ្លីបវីដេអូ និយាយញុះញង់បំផុសបំផុល ករណីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នាំឱ្យមនុស្សស្លាប់ ដែលជាការបង្ហោះព័ត៌មានប្រឆាំងនិងច្បាប់ស្តីពីបង្ការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ១៩ ទៅតុលាការចាត់ការតាមផ្លូវច្បាប់កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ជនសង្ស័យឈ្មោះ គង់ សម្បត្តិ អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិច្រេស ឃុំត្រងិល ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នប្រកបមុខរបរកម្មករ ស្នាក់នៅបណ្តោះអាសន្ន ក្នុងការដ្ឋានក្រុមហ៊ុន MCC នៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រោយពីជនសង្ស័យបានបង្ហោះឃ្លីបវីដេអូតាមបណ្តាញព័ត៌មានសង្គម ((TIK TOK) ដែលមានគណនី (TIK TOK) ឈ្មោះ ចង្ហាន់ហ៊ុយ ខ្លឹមសារថា “សូមអំពាវនាវ ហើយសូមបញ្ជាក់ឱ្យបានច្បាស់ថា គេមិនឈឺដូចដេញគេឱ្យទៅចាក់ បញ្ឆេះឱ្យទៅចាក់ ពេលគេមិនចាក់បញ្ឈប់គេ អ្នកងាប់ចង់ឱ្យគេងាប់)និងកាត់តឃ្លីបវីដេអូមួយទៀតដែលមានខ្លឹមសារថា(អូនឯងចាក់ថ្នាំទៅមិនបាច់ភ័យព្រួយអីទេ មើលខាងក្រោយបងឃើញទេ អត់ភ័យព្រួយទេ ប៉ុន្តែចាក់ទៅឮតែងាប់មួយៗ គ្មានឮអាណារស់បានយូរសោះ” ។ ហើយជនសង្ស័យរូបនេះក៏បាននិយាយឌឺដងដាក់សមត្ថកិច្ចថា បើអញនិយាយបែបនេះសមត្ថកិច្ចមានសមត្ថភាពតាមចាប់អញបានទេ?។

ការនិយាយង្ហោះឃ្លីបវីដេអូដែលមានខ្លឹមសារលក្ខណៈញុះញង់បំភិតបំភ័យបែបនេះត្រូវគេចាត់ទុកថា កំពុងប្រឆាំងនឹងការខិតខំប្រឹងប្រែងនៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺឆ្លងកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រាដែលជំងឺឆ្លងកូវីដ១៩ ឆ្លងចូលសហគមន៍បានបង្កឱ្យមនុស្សស្លាប់ និងឆ្លងរាលដាលមិនទាន់មានសញ្ញាណាមួយធូរស្បើយនៅឡើយនោះទេ។

លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ខ្លួនជនសង្ស័យអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ជនសង្ស័យរូបនេះបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាគណនី (TIK TOK) ឈ្មោះ ចង្ហាន់ហ៊ុយ គឺពិតជាគណនី (TIK TOK) របស់ខ្លួន ហើយបានបង្ហោះឃ្លីបវីដេអូទាំង២លើកពាក់ព័ន្ធនិងការរារាំងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិតប្រាកដមែន មធ្យោបាយប្រព្រឹត្តបទល្មើសតាមរយៈទូរស័ព្ទម៉ាកVIVO។

លោកបានបញ្ជាក់ទៀតថា លើកទី១ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបង្ហោះឃ្លីបវីដេអូ កាត់តសារសម្លេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានរយៈពេល១៤វិនាទី ភ្ជាប់និងការនិយាយរបស់ជនសង្ស័យគង់ សម្បត្តិ នូវខ្លឹមសារ (សូមអំពាវនាវ ហើយសូមបញ្ជាក់ឱ្យបានច្បាស់ថា គេមិនឈឺដូចដេញគេឱ្យទៅចាក់ បញ្ឆេះឱ្យទៅចាក់ ពេលគេមិនចាក់បញ្ឈប់គេ អ្នកងាប់ចង់ឱ្យគេងាប់)។ លើកទី២, នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានបង្ហោះ ឃ្លីបវីដេអូ មានរយៈពេល១៤ វិនាទី ដែលមានខ្លឹមសារ(អូនឯងចាក់ថ្នាំទៅមិនបាច់ភ័យព្រួយអីទេ មើលខាងក្រោយបងឃើញទេ អត់ភ័យព្រួយទេ ប៉ុន្តែចាក់ទៅឮតែងាប់មួយៗ គ្មានឮអាណារស់បានយូរសោះ) ដែលបានបង្ហោះចែកចាយតាមបណ្តាញព័ត៌មានសង្គម៕

អត្ថបទដែលជាប់ទាក់ទង