ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន ប្រគល់រថយន្តគិលានសង្រ្គោះ ៣៥គ្រឿង ដល់កម្ពុជា

512

 

ភ្នំពេញ ៖ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូវីដ-១៩ ប្រភេទថ្មី នៅលើសកលលោក ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់រថយន្ត គិលានសង្គ្រោះចំនួន ៣៥គ្រឿង ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់ទទួល ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាល នៃក្រសួង សុខាភិបាល ក្រោមវត្តមានរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។

លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការផ្ដល់ជំនួយជារថយន្តគិលានសង្គ្រោះនេះ គឺចំពេលតែម្ដង ដែលកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ។ ដូច្នេះហើយយើង នឹងប្រើប្រាស់ រថយន្ដនេះ ដើម្បីដឹកអ្នកជំងឺពីគ្រប់កន្លែងទាំងអស់ ទៅកាន់មន្ទីរពេទ្យកាន់តែឆាប់រហ័ស»។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា ក្នុងជំហានទី១នេះ ក្រសួងបានបែងចែករថយន្ដទាំង ៣៥គ្រឿងនេះ ជូនដល់មន្ទីរសុខាភិបាលទូទាំងរាជធានី-ខេត្ដ។ ក្នុងគម្រោងនេះ ជប៉ុននឹងបន្ដជួយ ៦៥គ្រឿងបន្ថែមទៀត ជាបន្ដបន្ទាប់។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ជប៉ុន កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ជាពិសេសមិនត្រឹមតែក្នុងកាលៈទេសៈដ៏លំបាកន ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបន្តនិរន្តរភាពសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជា ពិភពលោកទាំងមូល។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិសេសដល់ក្រសួងសុខាភិបាល រួមមានទាំងបច្ចេកទេស ថវិកា ឧបករណ៍សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការ រាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង