ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ស្នើរសុំអោយប្រជាពលរដ្ឋរស់នៅតំបន់ក្រហមនៃសង្កាត់បឹងសាឡាង សហការជាមួយអាជ្ញាធរ ដើម្បីប្រែក្លាយតំបន់ក្រហម អោយក្លាយជាតំបន់លឿង

85

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានស្នើរសុំអោយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក សហការជាមួយអាជ្ញាធរ ក្នុងការប្រែក្លាយតំបន់ក្រហម អោយក្លាយជាតំបន់លឿង ដែលអាចធ្វើអោយរាជធានីភ្នំពេញវិលទៅរកភាពប្រក្រតីឡើងវិញ ងាយស្រួលទាំងការធ្វើដំណើរនិងប្រកបមុខរបររកស៊ី បង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។
ការស្នើរសុំរបស់លោក ឯក ឃុនដឿន បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ឧសភា ២០២១ ខណៈដែលលោកអញ្ជើញចែក ស្បៀងអាហារជាច្រើនមុខរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ជូនប្រជាពលរដ្ឋ ចំនួន៤៥០គ្រួសារ ដែលត្រូវបានបិទខ្ទប់ក្នុងតំបន់ក្រហមនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក ។
លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា នៅក្នុងសង្កាត់បឹងសាឡាង មានភូមិមួយចំនួនបាននិងកំពុងរីករាលដាលជម្ងឺកូវីដ-១៩ ហើយត្រូវបានអាជ្ញាធរ សម្រេចបិទខ្ទប់ ជាតំបន់ក្រហម ដែលមានហានិភ័យខ្ពស់។ ដូច្នេះទេ លោកសុំអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមនេះ ទាំងអស់សហការជាមួយអាជ្ញាធរ ដើម្បីប្រែក្លាយតំបន់ក្រហមនេះ អោយក្លាយជាតំបន់លឿង ដែលអាចធ្វើអោយរាជធានីភ្នំពេញវិលទៅរកភាពប្រក្រតីឡើងវិញបានឆាប់រហ័ស។
លោក ឯក ឃុនដឿន បានលើកឡើងទៀតថា ជម្ងឺកូវីដ-១៩ បានរីករាលដាលពាសពេញពិភពលោក ហើយប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលបាននិងកំពុងរីករាលដាលជម្ងឺនេះយ៉ាងធ្ងន់ធ្ងរផងដែរ ។ ប៉ុន្តែគ្មានប្រទេសណា អនុវត្តបានល្អដូចប្រទេសកម្ពុជា យើងទេ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានផ្តល់ការចាក់វ៉ាក់សាំង ជូនពលរដ្ឋ ដោយមិនអសើប្រាក់ ចែកស្បៀងអាហារ ហ្វ្រីៗ( Free) ហើយស្បៀងអាហារទាំងនោះបានដឹកទៅចែកជូនដល់មុខផ្ទះថែមទៀត ។
លោកបញ្ជាក់ថា ស្បៀងអាហារជាច្រើនមុខដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ផ្តល់ជូនប្រជាពលរដ្ឋ ទាំង៤៥០គ្រួសារខាងលើនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវស្មើ ២៥គីឡូ មី១កេស ពងទា
និងត្រីខ ១យួរ ពងទាមួយឈុត និងសាប៊ូ (សាប៊ូកក់សក់ , សាប៊ូដុសខ្លួន, ថ្នាំដុសធ្មេញ) មួយឈុនដែរ៕

 

អត្ថបទដែលជាប់ទាក់ទង