ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីប្រជុំ ដើម្បីកំណត់ទីតាំង នៃការបង្រួមតំបន់បិទខ្ទប់ឱ្យមកនៅរួមតូច ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ នៅថ្ងៃ១២ ឧសភាខាងមុខនេះ

101

 

ភ្នំពេញ៖ ការបង្រួមតំបន់បិទខ្ទប់ឱ្យនៅរួមតូច ជាចេតនាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែធ្វើ ដើម្បីសម្រួលការ លំបាកជូនប្រជាពលរដ្ឋ បានធ្វើដំណើរ ចេញ ចូល ទៅធ្វើការងារនិងប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត បានស្រួល ខណៈដែលអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឱ្យបានការ រីករាលដាលជំងឺកូវីដ-១៩ ។

ដើម្បីឱ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ អោយនៅរួមតូចនេះ មានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត នៅរសៀលថ្ងៃទី១០ ឧសភានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង១៤ចូលប្រជុំ តាមរយៈ video conference មួយ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់លាស់ មុននៃការសម្រេចដាក់ តំបន់ដែលត្រូវបង្រួមនេះឱ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃ១២ ឧសភាខាងមុខនេះ។

លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់អោយ បានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឱ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿង ចូលទៅ តំបន់លឿងទុំ និងតំបន់ក្រម ជាដាច់ខាត ហើយកិច្ចប្រជុំនេះយើងពិភាក្សាគ្នា ដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះមកនៅរួមតូច ដូច្នេះសុំអាជ្ញាធរ យើងត្រូវសិក្សាកំណត់ឱ្យបានច្បាស់ មុននៃការកំណត់ពណ៌ តំបន់នីមួយៗឱ្យនៅរួមតូចនេះ នៅថ្ងៃ១២ ឧសភានេះ។

ក្នុងកិច្ចប្រជុំនោះ គ្រប់ខណ្ឌទាំង១៤បានឡើងរាយការណ៍ពីស្ថានភាព នៃការគ្រប់គ្រងកូវីដ-១៩ នៅក្នុងមូលដ្ឋាន របស់ខ្លួនរៀងៗខ្លួន ដោយតំបន់ខ្លះដែលធ្លាប់ជាតំបន់ក្រហម និង តំបន់លឿងទុំ បានស្នើឱ្យប្រែក្លាយមកជាជាតំបន់លឿង ដោយតំបន់នោះមិនមានការរីករាលដាលជម្ងឺកូវីដ-១៩ បន្តទៀត ។តំបន់ខ្លះទៀតសូមឱ្យនៅរក្សាតំបន់ ក្រហមឬតំបន់ លឿងទុំដដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងតំបន់មួយចំនួន មិនត្រូវបានបិទខ្ទប់ភូមិ សង្កាត់នោះទេ គឺគ្រាន់តែបិទខ្ទប់ផ្ទះដែលមានវិជ្ជមានកូវីដ-១៩តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង