ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីផ្ដល់ស្បៀងអាហារ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង៣៧ម៉ឺនគ្រួសារហើយ

363

 

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១១ឧសភា នេះ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ ចំនួន១៥០០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៣៧ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារ ដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាពីអាជ្ញាធររាជធានីភ្នំពេញ។
ប្រជាពលរដ្ឋទាំង ១៥០០០គ្រួសារដែលទទួលអំណោយនៅថ្ងៃ១១ឧសភានេះរួមមាន៖ នៅខណ្ឌមានជ័យ ចំនូន៤៥៦២គ្រួសារ នៅពោធិសែនជ័យចំនួន៦៩១៣គ្រួសារ ខណ្ឌឬស្សីកែវចំនួន
៣០២០គ្រួសារនិង ខណ្ឌកំបូលចំនួន៥០០គ្រួសារ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុង តំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១១ ខែ ឧសភានេះ បានចំនួន៣៧៤៦៥២គ្រួសារ ។
គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់ កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

អត្ថបទដែលជាប់ទាក់ទង