ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ដ្រីកើតជំងឺកូវីដ-១៩ ឈឺពោះឆ្លងទន្លេ ដោយសុវត្ថិភាព នៅមន្ទីរពេទ្យរុស្ស៉ីទទួល បានថវិកា៥លានរៀលរ បស់សម្ដេចតេជោតាមរយះ អភិបាលរាជធានីភ្នំពេញ

98

 

ភ្នំពេញ ៖ ស្ដ្រីជាកម្មការិនីរោងចក្រ ដែលកើតជំងឺកូវីដ-១៩ សម្រាកនៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យសិរីមង្គល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឈឺពោះឆ្លងទន្លេ ហើយត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជួយសម្រាលកូនបានដោយ សុវត្ថិភាពទាំងម្ដាយទាំងកូន ក្រោយពីឈឺពោះឆ្លងទន្លេ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗ តែមិនមានពេទ្យណា ហ៊ានទទួលនោះ ។
ដើម្បីជួយសម្រួលការលំបាកខ្វះខាត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រៅពីអន្តរាគមន៍ជួយសង្គ្រោះហើយ នៅព្រឹកថ្ងៃទី២៧ឧសភានេះ បានប្រគល់ថវិកាចំនួន៥លានរៀល របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនស្ដ្រីជាកម្មការិនីរោងចក្ររូបនេះថែមទៀត។
ស្ដ្រីជាកម្មការិនីរោងចក្រម្នាក់នេះ ឈ្មោះ ព្រិច ផាន់ណា អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ SIX Plus នៅម្ដុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកស្រី ព្រិច ម៉ារី ដែលត្រូវជាបងស្រីបង្កើត របស់អ្នកជំងឺកូវីដ-១៩ខាងលើ បានឱ្យដឹងថា ៖នៅ ថ្ងៃទី២៣ ខែឧសភា ប្អូនស្រីរបស់គាត់ ឈឺពោះឆ្លងទន្លេ (គ្រប់ថ្ងៃធម្មតា) ហើយបានសួរនាំ និងឲ្យពេទ្យដែល ប្រចាំការនៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យសិរីមង្គល ជួយពិនិត្យ។ ពេលពិនិត្យនោះ ពេទ្យបានបញ្ជាក់ថា ស្បួនមិនទាន់បើកនោះទេ ត្រូវរង់ចាំសិន។
លុះដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ដោយគាត់ កាន់តែឈឺពោះខ្លាំង ក្រុមគ្រូពេទ្យនៅ មណ្ឌលចត្ដាឡីស័ក បញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ប្រហែលមួយម៉ោងក្រោយមក ពេលបញ្ជូនទៅ ដល់ពេទ្យបង្អែកជ័យជម្នះ ប្អូនរបស់គាត់មិនទាន់ សម្រាកកូននោះទេ។ ក្រោយមន្ទីរពេទ្យបង្អែកជ័យជម្នះ បានបញ្ជូនគាត់តាម រថយន្ដសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យគាំពារមាតា និងទារក (ពេទ្យជប៉ុន) ។ ប៉ុន្ដែពេទ្យជប៉ុន មិនទាន់ទទួលគាត់ឲ្យចូលសម្រាកកូននោះទេ។ គ្រាកំពុងរង់ចាំការ សម្រេចរបស់ពេទ្យ ស្រាប់តែប្អូនស្រីរបស់គាត់ បែកទឹកភ្លោះនៅលើ រថយន្ដសង្គ្រោះបន្ទាន់តែម្ដង។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីទទួល បានព័ត៌មាននេះ លោក បានទាក់ទងទៅ ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឲ្យជួយទទួលស្ដ្រីខាងលើ ដើម្បីសម្រាលកូន ហើយការសម្រាលកូននោះ ទទួលបានជោគជ័យ ដោយសុវត្ថិភាពទាំងម្តាយនិងទារក ។
លោកស្រី ព្រិច ម៉ារី ជំនួសមុខឲ្យក្រុមគ្រួសារទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ដ្រីនៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរុស្ស៉ី ដែលបានអន្ដរាគមន៍ភ្លាមៗ ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្អូនស្រី របស់គាត់ រួមទាំងកូនក្នុងផ្ទៃ បើគ្មានកិច្ចអន្ដរាគមន៍ទេ ពេលនោះមិនដឹងប្អូន របស់គាត់យ៉ាងមិចនោះទេ៕

អត្ថបទដែលជាប់ទាក់ទង