ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ កំពុងខិតខំបន្ដសហការជាមួយដៃគូ ដើម្បីផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ ផ្សារភ្ជាប់សក្តានុពលនៃគោលដៅទេសចរណ៍

108

 

ភ្នំពេញ៖ លោក អាំង សុវណ្ណរ័ត្ន នាយកកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍ បានឲ្យនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២១នេះថា៖ ក្រសួងទេសចរណ៍ កំពុងបន្ដសហការណ៏ ផ្សព្វផ្សាយពីម្ហូបអាហារខ្មែរដោយ ផ្សារភ្ជាប់សក្តានុពលនៃគោលដៅ ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ-១៩។ ការផ្សព្វផ្សាយនេះ ធ្វើឡើងខណៈប្រទេសមហាអនុតំបន់មេគង្គ រួមគ្នាគិតគូរពីការទទួលស្វាគមន៍ ភ្ញៀវទេសចរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ឱ្យចូលទស្សនានៅតាមប្រទេសនីមួយៗ។
លោក អាំង សុវណ្ណរ័ត្ន. បានឱ្យដឹងថា ក្រសួងទេសចរណ៍ ក្រោមកិច្ចទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បាននិងកំពុងរៀបចំយុទ្ធសាស្រ្ត ទាក់ទាញទេសចរឡើងវិញ តាមរយៈផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ ផ្សារភ្ជាប់សក្តានុពលនៃគោលដៅ ទេសចរណ៍ ក្នុងគោលបំណងជំរុញការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ដូចជាត្រៀមទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខ។
លោកបានបញ្ជាក់ថា ៖ ក្រសួងទេសចរណ៍ បានបង្កើត និងផ្សព្វផ្សាយវីដេអូស្តីពីម្ហូបអាហារខ្មែរ ជាមួយគ្រឿងផ្សំសំខាន់ៗក្នុងស្រុក ផ្សារភ្ជាប់ជាមួយសក្តានុពល និងភាពទោលនៃគោលដៅ ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីសកម្មភាពទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតលើវិសាលភាពចំនួន២គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ និងការធ្វើទីផ្សារទេសចរណ៍ដោយ ផ្តោតលើម្ហូបអាហារជាចំណែកទីផ្សារ ទេសចរណ៍ប្រកប ដោយសក្តានុពល។ បើតាមការឱ្យដឹងពីលោក សៀង នាគ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ប្រទេសសមាជិកមហាអនុតំបន់មេគង្គ បានគាំទ្រកម្ពុជាផ្សព្វផ្សាយ សក្តានុពលទេសចរណ៍។ ជាមួយគ្នានេះ ក៏បានបង្ហាញពីឆន្ទៈ ក្នុងការទាក់ ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅក្នុងផែនការស្តារវិស័យ ទេសចរណ៍ឡើងវិញ របស់ប្រទេសនីមួយៗ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ការជំរុញឱ្យប្រជាពលរដ្ឋនៃ ប្រទេសក្នុងតំបន់ និងពិភពលោកទទួលបាន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានទាំងអស់គ្នា នឹងអាចធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ក្រសួងទេសចរណ៍ កំពុងជំរុញលទ្ធភាព ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩រួចហើយ ឱ្យបាននៅត្រឹមត្រីមាសទី៤ ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍ របស់កម្ពុជាឡើងវិញ បន្ទាប់ពីធ្លាក់ចុះដល់៨០ភាគរយ ដោយបាត់បង់ចំណូល ជាង៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល រំពឹងថា វិស័យទេសចរណ៍ របស់កម្ពុជា នឹងងើបឡើងវិញជាមួយនឹងការ ទទួលបានភ្ញៀវទេសចរ ក្នុងស្រុកប្រមាណ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥៕ សំរិត

អត្ថបទដែលជាប់ទាក់ទង