ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាភាពយន្ដល្បីៗ ខ្មែរចេញថត រឿង តម្លង់៧សន្ដាន ដំបូង បន្ទាប់ពី រាជរដ្ឋាភិបាលបើកឲ្យ ពលរដ្ឋអាជីវកម្មធម្មតា តែមានការប្រុងប្រយ័ត្នជំងឺកូវិដ-១៩

227

កំពង់ស្ពឺ៖ ក្រោយការស្ទុះជំងឺកូវិដ-១៩ហើយ រាជ រដ្ឋា ភិបាលកម្ពុជា ម៏បានបើឲ្យពលរដ្ឋដំណើរ ការអាជីវកម្មធម្មតាវិញ ក្រុមការងារ ផលិតខ្សែភាព យន្ត របស់ផលិតកម្ម Dr Picture  និងតារាសម្តែង ប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់ បានលេចមុខរួមគ្នាក្នុង ការថតខ្សែភាពយន្តជាង១០ ភាគ ដែលបានដក ស្រង់ចេញពីសៀវភៅរឿងព្រេង ដ៏មានប្រជា ប្រិយរបស់ខ្មែរ ដែលជារឿងបែបកំប្លែងគឺរឿង”តម្លង់៧សន្តាន”។ ទើបនឹងបញ្ចប់ការថត ហើយថ្មីៗ ខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍CTN ក្នុងពេលដ៏ខ្លីខាងមុខនេះ។ តែក៏នៅមានការប្រុង ប្រយ័ត្នអនុវត្ដ ៣កុំ ៣ការពារ ចំពោះជំងឺកូវដ-១៩ ជានិច្ច ។

នេះគឺជាស្នាដៃថ្មីដែលគេសង្កេតឃើញថា ក្រុមផលិតករ និងទូរទស្សន៍បានលើកស្ទួយសិល្បៈ អក្សរសិល្ប៍ជាតិតាមរយៈស្នាដៃភាពយន្ត។ ក្នុងនេះដែរតួអង្គសំខាន់ៗ ជាច្រើនរូបបានរួមគ្នាក្នុងការសម្តែងនេះ​ ដោយរួមមានទាំងតារាប្រុសស្រីល្បី ឈ្មោះជាច្រើនជំនាន់ ហើយតួឯកត្រូវបាន ប៉ះគ្នាលើកដំបូងក្នុងការសម្តែងខ្សែភាពយន្តនេះ គឺតារាប្រុសស្រស់សង្ហាលោក កាវីន និងតារាសម្តែងស្រីវ័យក្មេងអាង សុជាតា ហៅ ឈូ ឈូនោះ។
ថ្លែងបញ្ជាក់ប្រាប់នគរវត្តមុនពេលបញ្ចប់​ ការថតនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវ​ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ តារាសម្តែង លោក កាវីន បានបញ្ជាក់ថា នេះគឺជាខ្សែភាព យន្តដំបូងដែលទទួលបានឱកាស សម្តែងរួមគ្នាជាមួយកញ្ញាឈូឈូ ប៉ុន្តែហាក់ស៊ីចង្វាក់គ្នាច្រើន ។ លោកថា ក្នុងរឿងថ្មីនេះមានចំណុចពិបាកច្រើន ព្រោះរាល់ការនិយាយគឺមិនត្រូវគ្នា ព្រោះតួស្រីស្ថិតក្នុងត្រកូលតម្លង់ ប៉ុន្តែការចេញថតពេលនេះ គឺសប្បាយរីករាយខ្លាំងណាស់ ដែលក្រៅពីការជួបសិល្បកររៀមច្បង និងដៃគូថ្មី គឺជាប្រភេទរឿងបុរាណបែបកំប្លែង និងក្រោមទិដ្ឋភាពទេសភាពស្រស់ត្រកាលនៃតំបន់កម្សាន្តធម្មជាតិនៅខេត្តកំពង់ស្ពឺ ដែលលោករំពឹងថាស្នាដៃថ្មីនេះ​នឹងធ្វើឲ្យទស្សនិកជនសើច សប្បាយ រីករាយជាមួយនឹងការខិតខំសម្រិតសម្រាំង ផលិតប្រកបដោយគុណភាព។
កញ្ញា អាង សុជាតា. បានប្រាប់ថា ខ្សែភាពយន្តដែលបាន ផលិតប៉ុន្មានថ្ងៃជាប់គ្នានេះ និឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ មុនពេលចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍។ កញ្ញាថា នេះជាលើកទី១ហើយដែលនាងបានសម្តែង ក្នុងតំណែងតួឯករួមគ្នាជាមួយលោក កាវីន ហើយគាត់ពិតជា មានសមត្ថភាព ទេពកោសល្យ សីលធម៌។ នាងថា ក្នុងសាច់រឿងមានការឈ្លោះ ប្រកែកគ្នាច្រើន ប៉ុន្តែនាងក៏ទទួលបាន បទពិសោធន៍និងអារម្មណ៍ថ្មី ព្រោះជារឿងបុរាណបែបកំប្លែង។   ក្រៅពីជំនួបតារាប្រុសស្រស់សង្ហានេះដែរ ក្នុងខ្សែភាពយន្តនេះក៏មានរួម សម្តែងដោយតារាជើងចាស់ លោក ទេព រិនដារ៉ូ លោក លាង ឧត្តម លោក គីម ធៀន កញ្ញា ចាន់ គង្គា លោកគីរី និងលោកលុច្សជាដើម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង