ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វត្មាតត្នោត និងត្មាតផេះ បានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញ ក្នុងដែនជម្រកសត្វព្រៃស្រែពក

93

 

ខេត្តមណ្ឌលគិរី ៖ ពោរពេញដោយក្តីរីករាយឥតឧបមា ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានផ្តល់ដំណឹងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះថា ពួកគេបានកត់ត្រានូវវត្តមាននៃសត្វត្មាតត្នោតចំនួនពីរក្បាល និងត្មាតផេះចំនួនមួយក្បាលនៅសំបុកព្រៃធម្មជាតិរបស់ពួកវា​ ក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

ក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថា លទ្ធផលជាច្រើនដែលគេសម្រេចបានក្នុងរយៈពេលកន្លងមក ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិជាកត្តា រួមចំណែកយ៉ាងសំខាន់ដល់ការវិលត្រឡប់ មកកាន់ទ្រនំវិញ របស់សត្វស្លាបទាំងពីរប្រភេទនេះ ដែលសុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុត នៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។

យោងតាមការសន្និដ្ឋានមួយរបស់កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF មូលហេតុដែលបណ្តាលឲ្យបាត់វត្តមានរបស់ពួកវា ពីក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះ គឺភាគច្រើនដោយសារពួកវាបានទទួលរងនូវការពុល ដោយប្រយោល នឹងសារធាតុគីមី​ ដែលគេបានប្រើប្រាស់ សម្រាប់គោលបំណងផ្សេង។ សូមបញ្ជាក់ដែរថាសត្វត្មាតភ្លើង ក៏ជាសត្វស្លាបមួយប្រភេទទៀត ដែលកំពុងរស់នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃស្រែពកផងដែរ។

ទន្ទឹមនឹងនេះដែរ កំណត់ត្រាថ្មីបំផុតនៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទ ដោយក្រុមស្រាវជ្រាវសត្វព្រៃ នៃក្រសួងបរិស្ថាននិងអង្គការWWF បានបង្ហាញវត្តមានសត្វត្មាតត្នោត ចំនួនបួនក្បាល សត្វត្មាតផេះចំនួន១១ក្បាល និងសត្វត្មាតភ្លើងចំនួនប្រាំក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិ របស់ពួកវាដែលស្ថិតក្នុងទីតាំង ជាប់ដែនជម្រកសត្វព្រៃសំបូរ តាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រេចះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះ។ ឯកឧត្តមបានថ្លែងថា៖«ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះ ក្រុមការងារស្រាវជ្រាវ នៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏ដូចជាមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ដែលបានខិតខំការពារនិងអភិរក្សតំបន់ព្រៃល្បោះ ដ៏ធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងបានកំពុងធ្វើឱ្យតំបន់នេះ កាន់តែមានសុវត្ថិភាពកាន់តែខ្លាំងថែមទៀត សម្រាប់សត្វព្រៃ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើ ជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទរស់ នៅ។ សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វ កម្រនេះបន្ថែមនេះដើម្បីផលប្រយោជន៍ជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិ សម្រាប់មនុស្សជំនាន់ ក្រោយបន្តទៀត»។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ដំណឹងដ៏ល្អនេះពិតជាបានលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារ នៃកម្មវិធីអភិរក្សតំបន់ព្រៃទេសភាព ភាគខាងកើតនៃកម្ពុជាលើការបង្កើន កិច្ចខិតខំប្រឹងប្រែងជាប្រចាំសំដៅជំរុញ ឱ្យចំនួនសត្វបក្សីទាំងនេះ មានកំណើនចំនួនពួកវា ឡើងវិញនៅថ្ងៃខាងមុខ»។
នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វត្មាតទាំងបីប្រភេទ ត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាថា បានធ្លាក់ចុះគួរឲ្យបារម្ភ ក្នុងរយៈពេលជាង១៥ ឆ្នាំចុងក្រោយនេះ។ ការគំរាមកំហែងចំបងៗ ដល់ការរស់នៅរបស់ប្រភេទសត្វស្លាប ដ៏សំខាន់ជាសកលទាំងនេះ រួមមានការពុលនឹងសារធាតុគីមី ដែលគេប្រើប្រាស់សម្រាប់គោលដៅ ផ្សេង កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាពរំខានដោយមនុស្ស។

សូមបញ្ជាក់ផងដែរថា លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាត កម្ពុជា គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថាមានសត្វត្មាត សរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល។

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានសមាសភាពចម្រុះ ពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ (ACCB) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការជីវិតធម្មជាតិកម្ពុជា(NLC) ក្រុមហ៊ុន Rising Phoenix អង្គការCBGA ក្រុមហ៊ុនSVC Tour និង មជ្ឈមណ្ឌលអភិរក្សជីវចម្រុះ(CBC)៕

អត្ថបទដែលជាប់ទាក់ទង