ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសារព័ត៌មាន២នាក់ យកឈ្មោះអភិបាលរាជធានីភ្នំពេញ ដើរយកលុយគេ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

342

 

ភ្នំពេញ ៖ អ្នកសារព័ត៌មាន២នាក់ បានយកឈ្មោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើរយកលុយគេនៅក្លិបហាត់ប្រាណមួយកន្លែង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន​ដើម្បីអនុវត្តតាមច្បាប់។

ការឃាត់ខ្លួនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៦នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្លឹបហាត់ប្រាណ MS Gym ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ន វុធី អធិការនគរបាលខណ្ឌ។

លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលចោមចៅទី១ បានឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន ៖ ១) ឈ្មោះ ហ៊ីង សុធា
និង២) ឈ្មោះ សំ រ៉ន តាំងខ្លួនជាអ្នកសារព័ត៌មាននៅអង្គភាព គេហទំព័រអំណាចទាំងបួន។

លោកនាយប៉ុស្តិ៍នគរបាលចោមចៅទី១ បានឲ្យដឹងទៀតថា នៅមុនពេលត្រូវឃាត់ខ្លួន បុរសសង្ស័យទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ផ្លាកលេខតាកែវ 1Y-7820 ទៅកាន់ក្លិបហាត់ប្រាណខាងលើ។ ពេលទៅដល់ ពួកគាត់បានប្រាប់ម្ចាស់ក្លិបថា ខ្លួនជាក្រុមការងាររបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បន្ទាប់មកបានទារលុយពីក្លឹបហាត់ប្រាណនេះចំនួន២០$ ដោយសង្កត់ធ្ងន់ថា ក្លិបហាត់នោះល្មើសបម្រាមគោចរ ខណៈជាក់ស្ដែងក្លិបនេះមិនបានបើកដំណើរការនោះទេ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួននាំទៅកាន់ប៉ុស្ដិ៍ដើម្បីសារសួរបន្ត និងចាត់វិធានការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង