ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាមនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជាង៦០០គ្រួសារ នៅ ស្រុកបាធាយ

87
ខេត្តកំពង់ចាម៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងលោក
ស្រីរួមដំណើរជាមួយ លោក ងួន ស៊ឹមអាន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អមដំណើរជាមួយ និង លោក លី មីន អគ្គនាយកក្រុមហ៊ុន ព្រីនស៍រៀលស្ទេត ខេមបូឌា គ្រុប ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៨ នេះ  បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៦២២គ្រួសារ ឃុំច្បារអំពៅ ស្រុកបាធាយ ។
   លោក កៅ ប៊ុន ណាត អភិបាល នៃគណៈអភិបាល ស្រុកបាធាយ ធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងទន្លេសាប ដែលបង្កផលប៉ះពាល់ និងខូចខាតផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន ២.៥២៦គ្រួសារ ស្មើនឹងមនុស្ស ចំនួន ៩.៨២៥នាក់ ។ ក្រៅពីនោះទឹកជំនន់ បានឆក់យកអាយុជីវិតប្រជាពលរដ្ឋ ចំនួន ០៣នាក់ ផងដែរ ។
   លោក លី មីន អគ្គនាយកក្រុមហ៊ុន ព្រីនស៍រៀលស្ទេត ខេមបូឌា គ្រុប តំណាងម្ចាស់ជំនួយ បានសម្ដែងនូវវសេចក្ដីរីករាយ ដោយបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរមូលដ្ឋាន នូវអំណោយទាំងអស់នេះ ដើម្បី ចែកជូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ។
  លោកបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនរបស់លោក តែងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរ លើវិស័យសង្គម ដើម្បី ជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមបណ្ដាលខេត្តនានា ដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ជាពិសេស ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយទឹកជំនន់ និងមានជីវភាពខ្វះខាតផ្សេងៗទៀត ។
  លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ជូនចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ហើយបានមកទទួលអំណោយ នាពេលនេះ ។
  លោក អភិបាលខេត្ត ក៏បានចូលរួមនូវការសោកស្ដាយ ចំពោះ ប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិទឹកជំនន់ ដែលគិតមកដល់ពេលនេះ ទឹកបានបន្តឡើង និងមានកម្ពស់ ១៥,៤០ម លើសកម្រឹត ប្រកាសអាសន្នត្រឹមតែ ១៥,២០ម ហើយបានបង្កការលិចត្រាំ នៅក្នុងភូមិដ្ឋាន និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋយើង អស់រយៈពេល ១ខែ កន្លងទៅហើយ ។
   យោងតាមស្ថានភាពនេះ លោកអភិបាលខេត្ត  បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកអំពីអនាម័យ បរិស្ថាន ដើម្បី ថែរក្សាសុខភាព ឲ្យល្អប្រសើរ​ ។ មួយចំណែកទៀត បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ សុវត្ថិភាព កូនចៅ ដោយមើលថែរក្សាឲ្យបានល្អ កុំបណ្ដែតបណ្ដោយឲ្យលេងទឹក ពីព្រោះថា មកដល់ពេលនេះ មានប្រជាពលរដ្ឋ ចំនួន ១៤នាក់ ហើយ បានលង់ទឹកស្លាប់នោះ ។ ក្រៅពីនោះ បងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ច ចំពោះ សត្វអសិរពឹសទាំងឡាយ ពីព្រោះថា មកដល់ពេលនេះ ប្រជាពលរដ្ឋចំនួន ៥១នាក់ ហើយ បានរងគ្រោះថ្នាក់ ដោយសារសត្វអសិរពឹស នោះ ។ ដូច្នេះ បើបងប្អូន មានសត្វអសិរពឹសចឹក ទិច ខាំ ត្រូវផ្ដល់ដំណឹង ដល់អាជ្ញាធរមូលដ្ឋាន និងបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ ដើម្បី ទទួលការព្យាបាល បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ ។
ស្ថិតក្នុងឱកាសនោះដែរ លោក គួច ចំរើន បានថ្លែងអំណរគុណ ចំពោះ លោក លី មីន និងសហការរីទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ បរិច្ចាកនូវទ្រព្យធនផ្ទាល់ខ្លួន ចូលរួមសកម្មភាព ជាមួយកាកបាទក្រហម ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បី បានជួយសម្រាលទុកលំបាក របស់បងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងមានអាសន្ន នោះ ។
  ជាក់ស្ដែងមកដល់ពេលនេះ យើងបាននាំអំណោយ  ជាគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បានប្រមាណជា ២ម៉ឺនគ្រួសារ ហើយ ។
  គូសបញ្ជាក់ដែរថា  ជាគ្រឿងឧបភោគ បរិភោគ  សម្រាប់ចែកជូនប្រជាពលរដ្ឋទាំង ៦២២គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ១បេ មី ១កេស តូច ទឹកត្រី ១យួរ និងត្រីខ ១០កំប៉ុង ។ ដោយឡែក នាឱកាសនោះដែរ លោក អភិបាលខេត្ត និងលោកស្រីរួមជាមួយនឹងសប្បុរសជន ក៏បានប្រគេនបច្ច័យ ចំនួន ដល់ព្រះចៅអធិការវត្តទួលចាន់ ផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង