ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក ដែលទើបដល់អាយុ១៨ឆ្នាំ ត្រូវទៅចុះឈ្មោះបោះឆ្នោត

71


ភ្នំពេញ៖ លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក ដែលទើបដល់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃផ្តល់សុពលភាពបញ្ជីបោះឆ្នោត ប្រចាំឆ្នាំ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោត ។ បញ្ជីបោះឆ្នោតសម្រាប់ការិយាល័យបោះឆ្នោតនីមួយៗ ត្រូវកត់ត្រាចូលក្នុងសៀវភៅបញ្ជីមួយ ឬប្រព័ន្ធទិន្នន័យ ហើយរក្សាទុកជាអចិន្រ្តៃយ៍ នៅសាលាឃុំ សង្កាត់ នៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅ គ.ជ.ប ស្របតាមបទបញ្ជា និងនីតិវិធីដែលកំណត់ដោយគ.ជ.ប។

បើតាមសេចក្តីប្រកាសព័ត៌មាន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោកទេព នីថា បានថ្លែងថា គ.ជ.ប មានភារកិច្ចជ្រើសរើស និងតែងតាំង មន្រ្តីឲ្យបម្រើការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី។ យោងតាមច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត តម្រូវឲ្យគ.ជ.ប ធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជារៀងរាល់ឆ្នាំ ទោះបីជាឆ្នាំមិនមានការបោះឆ្នោត ជាសកលក៏ដោយ។

លោកទេព នីថា បានបន្តថា ការត្រៀមចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ គ.ជ.ប មិនទាន់មានការផ្សព្វផ្សាយបានទូលំទូលាយ នៅឡើយទេ។ គ.ជ.ប មានការមមាញឹកខ្លាំងជាមួយនឹងការប្រកាសលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងការប្តូរទីតាំងមកអគារថ្មី។ លោកសង្ឃឹមថា បរិយាកាសទូទៅនៃសង្គម សេដ្ឋកិច្ច នយោបាយ និងសន្តិសុខ នឹងជួយសម្រួលដល់ការងារ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ប្រព្រឹត្តទៅបានល្អប្រសើរ។

អត្ថបទដែលជាប់ទាក់ទង