ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ៖ ឈុតតំណាងជាតិ Miss Grand Cambodia 2021ទទួលបានការសរសើរ ទស្សនិកជន យ៉ាងខ្លាំង

131

 

ភ្នំពេញ៖ ពិតជាគួរឲ្យកោតសរសើរអំពីទឹកដៃនៃការច្នៃប្រឌិត ឈុតតំណាងជាតិនៃកម្មវិធីប្រកួត Miss Grandកម្ពុជា Cambodia 2021ដែលត្រូវបានបង្ហាញកាលពីរាត្រីថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២១។

ការបង្ហាញនេះបានធ្វើឡើង ក្រោយពីមានការប្រកាសផ្អាកការប្រកួត អស់រយៈពេល២សប្តាហ៍កន្លងមក
ការបង្ហាញវត្តមានបេក្ខនារីទាំង២៥រូបចុងក្រោយ អមដោយឈុតប្រណីតច្នៃដោយកូនខ្មែរនេះទទួល បានការកោតសរសើរច្រើនពីអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។ ក្នុងកម្មវិធីប្រកួតដែលមានការផ្សាយផ្ទាល់លើបណ្តាញសង្គម និងលើកកញ្ចក់ទូរទស្សន៍ប្រមាណ៣ម៉ោងនោះ គឺជាការបង្ហាញវត្តមានកញ្ញាឯកទាំង២៥រូបតំណាងឲ្យខេត្តរាជធានីនៅព្រះរាជាណាចក្រកម្ពុជា។

បេក្ខភាពត្រូវបានក្រុមអ្នកជំនាញច្នៃឈុតប្រណីតៗដោយបានទាំងបង្កប់អត្តសញ្ញាណជាតិខ្មែរ និងអត្តសញ្ញាណខេត្តរាជធានី បានយ៉ាងស្រស់ស្អាត និងពោរពេញដោយអត្ថន័យ។ បើទោះបីជាឈុតខ្លះមិនល្អឥតខ្ចោះប៉ុន្តែ ពួកគេពិតជាទទួលបានការពេញចិត្តច្រើនព្រោះតែជាការដាក់កម្លាំងកាយចិត្ត សម្រិតសម្រាំង និងការប្រឹងប្រែងមិនខ្លាចការនឿយហត់ លះបង់ពេលវេលាដែលមនុស្សជាច្រើនឈប់ សម្រាកខ្នះខ្នែងបំពេញការងារនិងបើទោះបី ជាកម្មវិធីត្រូវបានលើកពេលវេលាអស់រយៈពេល១៤ថ្ងៃកន្លងមកនោះក៏ដោយ។ មានការលើកឡើងដែរថា បើទោះបីជាមិនទាន់ល្អខ្លាំងមែន ប៉ុន្តែឈុតខ្លះកូនខ្មែរបានលើកយកមកបង្ហាញនៅលើឆាកប្រកួតនិងប្រឹងប្រែងបង្កើតច្នៃប្រឌិតឡើងអស់ពីសមត្ថភាព បើទោះ បីជាត្រូវចាយទាំងពេលវេលា ធនធាន ផ្ទាល់ខ្លួននោះក៏ដោយ។

ជាមួយគ្នានេះក៏មានការលើកសរសើរផងដែរអំពីការលះបង់ខិតខំប្រឹងប្រែងរបស់បេក្ខនារីបើទោះបីជាត្រូវចំណាយពេលវេលារៀបចំខ្លួន ឡើងឆាកទាំងគ្រងឈុតដែលមានទម្ងន់ធ្ងន់ និងដោយប្រើប្រាស់ស្បែកជើងកែង ក៏ខិតខំបញ្ចេញសមត្ថភាពទេពកោសល្យ ស្នាមញញឹមប្រកបដោយទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា Miss Grand Cambodia 2021 បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់លើកម្មវិធីប្រកួតរបស់ខ្លួនហើយ គឺកម្មវិធីប្រកួតឈុតហែលទឹកកាលពីថ្ងៃទី២០ ខែកញ្ញានេះ។ តាមការគ្រោងទុកកម្មវិធីនឹងរៀបចំកម្មវិធីប្រកួតឈុតតំណាងជាតិនៅថ្ងៃទី២៣ ខែកញ្ញានេះ ប៉ុន្តែត្រូវបានលើកពេលក្រោយអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះទៅដល់ទីតាំងនៃការរៀបចំកម្មវិធីផ្ទាល់នាតំបន់ ព្រែកហូរ និងសម្រេចបញ្ចប់ការLiveកម្មវិធីប្រកួតឈុតតំណាងជាតិនេះមុនប៉ុន្មានម៉ោងតែប៉ុណ្ណោះ។ខណៈដែលកម្មវិធីវគ្គប្រកួតបឋម គ្រោងធ្វើនៅថ្ងៃទី២៤ខែកញ្ញា និងកម្មវិធីផ្តាច់ព្រ័ត្រដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែកញ្ញា នោះក៏ត្រូវលើកពេលផងដែរ ហើយពេលនេះវគ្គប្រកួតបឋម នឹងត្រូវធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែតុលានេះចាប់ពីម៉ោង៧យប់ ហើយការប្រកួតផ្តាច់ព្រ័ត្រនឹង ធ្វើឡើងនៅថ្ងៃទី០៩ខែតុលានេះ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង