ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

50

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ នេះបើតាមព្រះរាជក្រឹត្យនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

សូមជម្រាបថា លោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋសភាកម្ពុជា បោះឆ្នោតផ្តល់ការគាំទ្រ ជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាលឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ដោយទទួលបាន១១០សម្លេង ក្នុង១១១សម្លេង និងមោឃៈ១សម្លេង។

ការបោះឆ្នោតផ្តល់ឋានៈជាទេសរដ្ឋមន្ត្រី ជូនលោក ប៉ា សុជាតិវង្ស ធ្វើឱ្យសមាជិករាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ឋានៈជាទេសរដ្ឋមន្ត្រី មានចំនួនសរុប ១៦នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសតាំងលោក ប៉ា សុជាតិវង្ស ជាសមាជិកបន្ថែមរបស់រាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក ប៉ា សុជាតិវង្ស ធ្លាប់បានបំពេញតួនាទីជាតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលរាជធានីភ្នំពេញ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលរងខេត្តបាត់ដំបង, អភិបាលរងខេត្តកំពង់ធំ, អភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណៈឃោសនាអប់រំក្រុងភ្នំពេញ សម័យសាធារណរដ្ឋកម្ពុជាផងដែរ។

លោក ប៉ា សុជាតិវង្ស ដែលបច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ បានបញ្ចប់សញ្ញាប័ត្រទុតិយភូមិ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៥, ទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ផែ្នកសង្គមសាស្រ្ត និងទស្សនវិជ្ជា រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ១៩៨៥-១៩៨៧ និងសញ្ញាប័ត្រថ្នាក់បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសកលវិទ្យាល័យ Southern California សហរដ្ឋអាមេរិក (Doctor of Business Administration “DBA”) ឆ្នាំ១៩៩៥-១៩៩៧៕

អត្ថបទដែលជាប់ទាក់ទង