ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង សូ ដានីតា ប្រកាសឲ្យ សឿ សុធារ៉ា ចូលដោះស្រាយបំណុលជាមួយខ្លួនជាបន្ទាន់ មុននឹងមានវិធានការតាមផ្លូវច្បាប់

365

ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនីមានប្រជាប្រិយភាពនៅក្នុងសង្គមសិល្បៈ គឺអ្នកនាង សូ ដានីតា នៅប៉ុន្មានម៉ោងមុននេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នករស់នៅក្នុងចង្កោមសិល្បៈ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបនាង បានប្រកាសជាសាធារណៈ ឲ្យតារាសម្ដែង សឿ សុធារ៉ា ចូលខ្លួនមកដោះស្រាយបញ្ហាបំណុល ដែលបានជំពាក់នាងជាបន្ទាន់ បើមិនចូលខ្លួនទទួលខុសត្រូវទេនោះ សូ ដានីតា នឹងមានវិធាការចាត់ការអ្នកនាង សឿ សុធារ៉ា តាមផ្លូវច្បាប់។

តារាសម្ដែង សូ ដានីតា បានថ្លែងបញ្ជាក់ក្នុងបណ្ដាញសង្គមផ្លូវការរបស់នាងថា «នាងខ្ញុំសូមប្រកាសរកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដំណោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹងដីកា កោះហៅ ឬមិនចង់ឲ្យគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត..! សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ។ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន..!»

ការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមហាជនស្រឡាំងកាំងគ្រប់ៗគ្នា ព្រោះតែកន្លងមក សម្រាប់តារាសម្ដែង សឿ សុធារ៉ា ក៏ធ្លាប់មានអ្នកចេញមុខប្រកាស ជុំវិញបញ្ហាជំពាក់បំណុលគេនេះដែរ រហូតដល់ថ្នាក់កើតជាជម្លោះឈ្លោះ ទាស់ទែងគ្នាក៏មាន។ សឿ សុធារ៉ា ត្រូវបានគេសង្កេតឃើញថា ហាក់មានអារម្មណ៍ភ្លេចភ្លាំងច្រើន និងមិនសូវនិយាយស្ដីច្រើនដូចមុន ពោលគឺហាក់ដូចជាមនុស្សពីរនាក់ផ្សេងគ្នា បើប្រៀបធៀប កាលពីមិនទាន់ប្រកាសចូលក្នុងសិល្បៈសារជាថ្មី។

មហាជនសង្កេតឃើញថា ចាប់តាំងពីតារាសម្ដែងល្បី សឿ សុធារ៉ា បានបង្ហាញមុខ និងប្រកាសចូលសិល្បៈវិញមក គឺនាងមានឱកាសសម្ដែងបានតួឯកស្ទើរតែគ្រប់រឿង ហើយត្រូបានផលិតករនានាទាក់ទងនាង ឲ្យទៅសម្ដែងជាហូរហែ។ ប៉ុន្តែស្របពេលដែល សឿ សុធារ៉ា ប្រកាសបើកផ្លូវខ្លួនឯងចូលមកក្នុងសិល្បៈវិញនេះ ក៏មានរឿងរ៉ាវជំពាក់បំណុលគេរុំកោះ បានបែបធ្លាយជាបន្តបន្ទាប់ ដោយបំណុលនោះ គឺភាគច្រើនជាប់ទាក់ទិននឹងការលេងតុងទីន។

យ៉ាងណាមិញ ងាកមកតារាសម្ដែង សូ ដានីតា វិញ ក៏មហាជនដឹងថា នាងជាមិត្តភក្តិជិតស្និទ្ធបំផុតជាមួយនឹងតារាសម្ដែង សឿ សុធារ៉ា ដែរ ប៉ុន្តែប្រហែលជាបំណុលនោះច្រើន ហើយជំពាក់យូរថ្ងៃពេក ដោយមិនទទួលខុសត្រូវ ទើប សូ ដានីតា ដាច់ចិត្តប្រកាសជាសាធារណៈបែបនេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង