ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុននានានៅសហរដ្ឋអាមេរិកពិចារណាចូលរួមក្នុងដំណើរការ ដេញថ្លៃដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

52
ភ្នំពេញ ៖ ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានអញ្ជើញអង្គុយសម្ភាសន៍ជាមួយទូរទស្សន៍CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងពន្យល់ថា៖ ការដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនី(EV)កំពុងឋិតក្នុងដំណាក់ កាលដំបូងនៃការអភិវឌ្ឍនៅកម្ពុជា។
កម្ពុជាបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្តEV។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ យើងកំពុងស្វែងរកអ្នកវិនិយោគមកវិនិយោគស្ថានីយសាកថ្មនេះផងដែរ។ សព្វថ្ងៃនេះយើងមិនទាន់មាន ស្ថានីយសាកថ្មទេ ដូច្នេះមានការពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនយើងឱ្យទិញរថយន្តEVនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា៖ រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋនិងឯកជន(PPP) ដើម្បីធានាដល់ការដំឡើងស្ថានីយ៍សាកថ្មឱ្យបានគ្រប់ គ្រាន់ និងធានាថាការបោះចោលអាគុយចាស់ត្រូវបានធ្វើឡើងត្រឹមត្រូវ។ បច្ចុប្បន្នក្រសួងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្តអគ្គិសនីឱ្យបាន៥០%។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តោតការពិភាក្សាជាសំខាន់លើការវិនិយោគផ្ទាល់ពីបរទេស(FDI) និងកំណើននៃការអភិវឌ្ឍរបស់កម្ពុជា ដោយគូសបញ្ជាក់ថា៖ ជាទូទៅFDI ជាមធ្យមមានប្រហែលបីពាន់ លានដុល្លារក្នុងមួយឆ្នាំនៅក្នុងគម្រោងផ្សេងៗ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនទស្សនិកជនផងដែរថា៖ ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង១៥.០០០គីឡូម៉ែត្រ បានសាងសង់ស្ពានចំនួន២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប បានលើកកម្ពស់ព្រលានយន្តហោះចំនួនបីតាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិចំនួនបីកន្លែងដោយឈរលើ គោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង។
ជាងនេះទៅទៀត ផ្លូវល្បឿនលឿនមួយខ្សែតម្លៃជាង២ពាន់លានដុល្លារអាមេរិក ជិតនឹងបញ្ចប់ការភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយផ្អែកលើគោលការណ៍BOT ការផ្តល់ ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបានមកពីដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន៖ ប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ថៃ វៀតណាម និងប្រភពថវិកាជាតិផងដែរ។ ដូច្នេះកម្ពុជាមិនពឹងផ្អែកលើប្រទេសចិនសម្រាប់ការផ្តល់ហិរញ្ញប្បទាន១០០%ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុននានានៅសហរដ្ឋអាមេរិកពិចារណាចូលរួមក្នុងដំណើរការ ដេញថ្លៃដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា៖ ដំណើរការ ដេញថ្លៃគោរពតាមនីតិវិធីរបស់ធនាគារពិភពលោក និងទីភ្នាក់ងារJICA ស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅកម្ពុជា ដោយផ្អែកលើគោលការណ៍PPP និងBOT។
ទាក់ទងនឹងគោលនយោបាយវិនិយោគ ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឡើងវិញថា៖ កម្ពុជាជាប្រទេសតូច មានប្រព័ន្ធសេដ្ឋកិច្ចបើកចំហប្រកបដោយរបបវិនិយោគសេរីនៅតំបន់អាស៊ី ក្នុងនោះរាជរដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន មិនមែនអ្នកគ្រប់គ្រងវិស័យឯកជន នោះទេ។ ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់ប្រទេស៕

 

អត្ថបទដែលជាប់ទាក់ទង