ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិនទាន់ មកទទួលសេវាព្យាបាល

265

 

ភ្នំពេញ៖សារលិខិត​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ២០២១​ ។

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ សូមចូលរួមជាមួយពិភពលោកទាំងមូលដើម្បីប្រារព្ធ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “បញ្ចប់វិសបភាព បញ្ចប់រដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល”។ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពី ការប្ដេជ្ញាចិត្តខ្ពស់របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និង បទពិសោធន៍ថ្មីៗក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញ ពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុក និងអ្នករងផលប៉ះពាល់ពីមេរោគអេដស៍ ក្នុងការទទួលបាន សេវាថែទាំនិងព្យាបាល និងសេវាសង្គមឱ្យកាន់តែទូលំទូលាយថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ សម្តេច សូមអបអរសាទរចំពោះសមិទ្ធផលដែល ព្រះរាជាណាចក្រកម្ពុជាយើងទទួលបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដូចមានចំណុចសំខាន់ៗខាងក្រោមនេះ៖

១- ព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ថាបានសម្រេចគោលដៅ ៩០-៩០-៩០ នៅ ឆ្នាំ២០១៧។ នៅឆ្នាំ២០២០កន្លងទៅ ប្រទេសកម្ពុជាយើងត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្តប់សេវាព្យាបាលថែទាំអ្នកជំងឺអេដស៍រហូតដល់៨៣% ដែលជាអត្រាខ្ពស់ជាងគេនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក គឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ វៀតណាម ជាដើម។

២- អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រ ដែលកំពុង ទទួលបានការគាំពារសង្គមកាន់តែទូលំទូលាយ។ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៩៧៤ គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភប្រមាណ ៥១៥ ០០៤ ០០០រៀល គិតពីខែមិថុនា ឆ្នាំ២០២០ ដល់ខែ កក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កំពុងសហការជាមួយក្រសួង ផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុងការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍មួយចំនួនធំថែមទៀត ដែលពុំ ទាន់ទទួលការគាំពារសង្គម អាចទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រ។

៣- ព្រះរាជាណាចក្រកម្ពុជាជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធីអេដស៍ ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ដែលមានភាពធន់និងមានចីរភាព។

៤- ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្ដើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយដែល មុតស្រួច ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ និងដោយ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ រួមទាំងអង្គការក្រៅរដ្ឋាភិបាល និងសង្គម ស៊ីវិលជាតិ និងអន្តរជាតិផង។

កម្ពុជាយើងស្ទើរតែសម្រេចគោលដៅ៩៥-៩៥-៩៥ទាំងស្រុងរួចទៅហើយ នៅឆ្នាំកន្លងទៅ ទោះបីជាយើងស្ថិតនៅក្នុងបរិបទនៃការគំរាមកំហែងនៃមេរោគកូវីដ-១៩យ៉ាងណាក៏ដោយ។ សម្តេចតេជោសូមសម្តែងអំណរគុណនិងកោតសរសើរចំពោះក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងចរន្តជាតិនៃការប្រយុទ្ធប្រឆាំងនឹងមេរោគេអដស៍និងជំងឺអេដស៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាសេនាធិការ។

យើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ដែលបាត់មុខមិន ទាន់មកទទួលសេវាព្យាបាល និងក្នុងការបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់ចំនួនប្រមាណ ១២ ០០០នាក់។ ជាមួយនោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការទប់ស្កាត់ការរីករាលដាលនៃ មេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជាក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុម អ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម។ ដើម្បីឈានទៅសម្រេចជោគជ័យនៃការបង្ការទប់ស្កាត់ការរីក រាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានជិតស្និទ្ធ ជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយសារសុវត្ថិភាព នៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ កម្មវិធីPrEP ឬ PEP ឬការធ្វើតេស្តរកមេរោគអេដស៍ ដោយខ្លួនឯងជាដើម។

ក្នុងស្មារតីឈានទៅសម្រេចគោលដៅ៩៥-៩៥-៩៥នៅឆ្នាំ២០២៥ គោលនយោបាយចម្បង របស់រាជរដ្ឋាភិបាលផ្តោតលើវិធានការបញ្ចប់វិសមភាព បញ្ចប់អេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយ ពង្រីកអត្រាគ្រប់ដណ្តប់សេវាថែទាំព្យាបាល ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យមកទទួល ទាំងសេវានេះ ទាំងផលប្រយោជន៍នៃកម្មវិធីគាំពារសង្គម ដោយមិនទុកនរណាម្នាក់ចោល នោះឡើយ។

ក្នុងតួនាទីជាអ្នកនាំមុខព្រមដោយភាពជាម្ចាស់ការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តការដឹកនាំការប្រយុទ្ធនឹងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដោយជំរុញឱ្យអនុវត្តនូវវិធានការទាំង៦ដែលមានខ្លឹមសារ ក្នុងលិខិតលេខ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដូច ខាងក្រោមនេះ៖

វិធានការទី១ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ដល់កញ្ចប់ថវិកាដោយឡែកសម្រាប់បញ្ជ្រាបការងារប្រយុទ្ធ នឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់។

វិធានការទី២ ៖ ក្រសួងសុខាភិបាល និងក្រសួងផែនការ រៀបចំកំណត់និងចាត់ទុកថា អ្នក ផ្ទុកមេរោគអេដស៍ ជាក្រុមប្រជាជនងាយរងគ្រោះ ដែលត្រូវទទួលបានប័ណ្ណសមធម៌ ដើម្បី ធានាដល់ការទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គម។

វិធានការទី៣ ៖ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហការកែសម្រួល រៀបចំវិធាន និងនីតិវិធីក្នុងការផ្ដល់កញ្ចប់ថវិកាឱ្យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព មានថវិកាផ្ទាល់សម្រាប់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

វិធានការទី៤ ៖ ទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទទួលស្គាល់តួនាទីសំខាន់របស់ អង្គការសង្គមស៊ីវិលក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ និងបន្តគាំទ្រឱ្យមាន ការចូលរួមបន្តទៀត តាមរយៈការផ្តល់មូលនិធិពីរាជរដ្ឋាភិបាល តាមលទ្ធភាពថវិកាជាតិ។

វិធានការទី៥ ៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សិក្សាលំហថវិកា ដើម្បីធានាការអនុវត្តការ

ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍ នៅក្នុងឆ្នាំ២០២៥។

វិធានការទី៦ ៖ ក្រសួងសុខាភិបាលបន្តពង្រឹងធនធានមនុស្ស ការធ្វើលទ្ធកម្ម ការផ្គត់ផ្គង់ ឱសថ បរិក្ខា និងប្រព័ន្ធព័ត៌មាន ដើម្បីបញ្ជ្រាបការឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាចីរភាព។

ទន្ទឹមនឹងនេះ សម្តេចសូមអំពាវនាវដល់អង្គការដៃគូអន្តរជាតិ សូមជួយគាំទ្រការពង្រឹងប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងប្រទេសក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

សម្តេចក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការរួម គ្នាជាពហុវិស័យ សហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ឱ្យបានតាមកាលកំណត់៕

អត្ថបទដែលជាប់ទាក់ទង