ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយជញ្ជីងអចល័ត ២ទីតាំង នៅខេត្តកែប និង ខេត្តព្រះវិហារចាប់ផ្តើមដំណើរការថ្លឹងសាកល្បងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែធ្នូ និងត្រូវផាកពីន័យនៅថ្ងៃទី២១ធ្នូតទៅ

234

ភ្នំពេញ៖ ស្ថានីយជញ្ជីងអចល័តចំនួន ២ទីតាំង ដែលទីតាំងទី១ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ

ចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ក្នុងរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តទៅ។

   នេះបើយោងទៅតាមសេចក្តីជូនដំណឹងក្រសួងសាធារណការ និងដឹកជញ្ជូនដែល ក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យស្ថិតស្ថេររ៉ឹងមាំ គង់វង្ស និងជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសម្រេចបង្កើតស្ថានីយជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ០២កន្លែងបន្ថែមទៀត ដែលមួយកន្លែង មានឈ្មោះថា ស្ថានីយដំណាក់ចង្អើរខេត្តកែប ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចគីឡូម៉ែត្រ២១+៥៨៥ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប និង មួយកន្លែងទៀត មានឈ្មោះថា អូរពោធិ៍ខេត្តព្រះវិហារ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រ ៥២+០០០ ក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ស្ថានីយទាំងពីរកន្លែងនេះ ចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំង អស់ក្នុងរយៈពេល ២០ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តទៅ។

  អាស្រ័យហេតុនេះ សូមសាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគម ភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយមន្ត្រីមានសមត្ថកិច្ចដែលបំពេញភារកិច្ច ប្រចាំការនៅទីតាំងស្ថានីយជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ខាងលើ និង ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង