ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លោងទ្វារអគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន បានចាប់ផ្ដើមដំណើរការជួសជុលដោយអាជ្ញាធរជាតិ អប្សរា ខេត្ដសៀមរាប

56

 

ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារអគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន ដែលទទួលរងការខូចខាត ដើម្បីលើកកម្ពស់សោភ័ណភាព និងកិច្ចគាំពារប្រាសាទនេះ ឱ្យកាន់តែល្អឡើងវិញ សម្រាប់មនុស្សជំនាន់ក្រោយ តទៅមុខទៀត។

លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន នៃអាជ្ញាធរជាតិអប្សរា ខេត្ដសៀមរាប បានឱ្យដឹងថ្ងៃទី០៨ ធ្នូនេះថា ដោយសង្កេតឃើញថា រចនាសម្ព័ន្ធខ្លោងទ្វារអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន បានរងការខូចខាតទ្រុឌទ្រោមដោយសារ កត្តាជាច្រើនយ៉ាង មកនោះ ក្រុមការងារជំនាញបានធ្វើការជួសជុលពង្រឹងឡើងវិញ ខ្លោងទ្វារអគារព្រះឥសូរនេះ ដោយបានចាប់ផ្តើមដំណើរការជួសជុល នាអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១មក នឹងគ្រោងប្រើប្រាស់ពេលវេលាចំនួន១ឆ្នាំទើបរួចរាល់។

លោកបន្តទៀតថា ដោយផ្អែកលើលក្ខណៈ នៃសំណង់ និងស្ថានភាពខូចខាតរបស់តួខ្លោងទ្វារទាំងមូល ក្រុមអ្នកបច្ចេក ទេស បានផ្តោត ការយកចិត្តទុកដាក់លើការងារសំខាន់ៗ ចំនួន៣ដូចជា ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាង ក្រោមតាមចំណុចខូចខាត និងរៀបផ្គុំតួខ្លោងទ្វារទាំងមូលឡើងវិញ។ កិច្ចការងារដំបូង ដែលត្រូវចាប់ផ្តើមធ្វើ រួមមាន៖ការចុះបញ្ជីនិងប្រមូលថ្មរាយប៉ាយនៅលើដី ការសម្រង់ប្លង់ និងស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធខ្លោងទ្វារ បន្ទាប់មកទើបចាប់ផ្តើម ធ្វើការរុះរើផ្នែកដែលខូចខាត ការសម្អាតដីនៅផ្នែកខាងក្នុង តួប្រា សាទ ការធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាពិនិត្យស្ថានភាពគ្រឹះ បច្ចេកទេសរៀបចំគ្រឹះ និងសម្ភារៈជួសជុសគ្រឹះ មុននឹងធ្វើការជួសជុល ពង្រឹងឡើងវិញ។

គម្រោងនេះចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលផ្តោតសំខាន់ទៅលើការអភិរក្សនិងជួសជុល ពង្រឹងនូវរចនាសម្ព័ន្ធ ខ្លោងទ្វារខាងកើតនៃអគារព្រះឥសូ ការជួសជុលគឺដើម្បីពង្រឹង នូវរចនាសម្ព័ន្ធខ្លោងទ្វារដែលប្រឈម នឹងគ្រោះថ្នាក់បណ្តាលមកពី កត្តាទឹក ដែលជ្រាបចូលក្នុងគ្រឹះ ទី២រចនាសម្ព័ន្ធគ្រឹះមានការខូចខាតស្រុត ធ្វើឱ្យរចនាសម្ព័ន្ធសសរនិងដំបូលនៃអគារព្រះឥសូរ ខូចខាតមានន័យថា សសរត្រេតលើសពី១៥ដឺក្រេ ចំណែករចនាសម្ព័ន្ធថ្មដំបូលគឺវារហែកដាច់ចេញពីគ្នា ប្រឈមនឹងការបាក់ធ្លាក់។
សូមបញ្ជាក់ថា ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។

ប្រាសាទនេះកសាងឡើង នៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។រចនាសម្ព័ន្ធខ្លោងទ្វារខាងកើត នៃអគារព្រះឥសូរ ក្នុងប្រាសាទ ព្រះខ័ន ធ្លាប់បានជួសជុល ពង្រឹងដោយការទល់ទ្រ និងសម្អាតនៅឆ្នាំ១៩២៨ ដោយក្រុមអភិរក្សអង្គរ នៃសាលាបារាំងចុងបូព៍ា និងនៅឆ្នាំ២០០២ អាជ្ញាធរជាតិអប្សរាបានសិក្សានិងធ្វើការទល់ទ្រ នូវរចនាសម្ព័ន្ធដែលប្រឈម និងគ្រោះថ្នាក់បាក់ធ្លាក់ ដោយប្រើប្រាស់ទ្រនល់ ឈើបន្ថែមលើទ្រនល់បេតុងចាស់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង