ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការបច្ចេកទេសកម្ពុជា ទទួលបានការសរសើរថា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំប្រកួតទូកក្ដោងអន្តរជាតិ

44

ភ្នំពេញ៖បន្ទាប់ពីប្រកួត៣ថ្ងៃជាប់គ្នាមកកីឡាករកម្ពុជា ប៉ាល់ សិលា កំពុងធ្វើបានយ៉ាងល្អលើវិញ្ញាសា RS:One ដោយឈរចំណាត់ថ្នាក់លេខ១ ចំនួន៣ថ្ងៃជាប់គ្នា ក្រោយដំណើរការប្រកួតបាន ១០ជុំ ហើយគេបានប្ដេជ្ញានឹងខំប្រឹងបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមមេដាយមាសជូនជាតិ ។

ជាមួយនឹងការប្ដេជ្ញាចិត្តរបស់កីឡាកររូបនេះ ប្រធានគណៈកម្មការរៀបចំការប្រកួតលោក Chan Khun Sing Joseph ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះមន្ដ្រីគណៈកម្មការបច្ចេកទេសកម្ពុជាថា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតអន្ដរជាតិនានា។

ការលើកឡើងរបស់អ្នកជំនាញជនជាតិសិង្ហបុរីខាងលើ ក្រោយព្រឹត្តិការណ៍ប្រចាំតំបន់នេះ បានដំណើរការប្រកួតរយៈពេល៤ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូម្សិលន៉ិញនេះ មុនឈានដល់ការប្រកួតថ្ងៃចុងក្រោយ នាថ្ងៃទី១៧ ខែធ្នូ នេះ។ ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ការប្រកួតថ្ងៃទី៤នេះ ដោយសារបញ្ហាខ្យល់មិនគ្រប់គ្រាន់ស្របតាមស្ដង់ដារអាចប្រកួតបាន ទើបគណៈកម្មការសម្រេចលុបចោល ដោយមិនគិតលទ្ធផលឡើយ។

អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗ និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អន្ដរជាតិ លើកដំបូងនៅកម្ពុជានេះ បានគូសបញ្ជាក់ថា ក្រោយដំណើរការប្រកួតប៉ុន្មានថ្ងៃមកនេះ គណៈកម្មការបច្ចេកទេសកម្ពុជា ធ្វើបានយ៉ាងល្អលើការងារបច្ចេកទេស ពោលគឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចរៀបចំការប្រកួតអន្ដរជាតិដោយខ្លួនឯងបាន ប្រកបដោយលក្ខណៈស្ដង់ដារ។

លោក Chan Khun Sing Joseph ក៏បានកោតសរសើរចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ
ទទួលរៀបចំការប្រកួតអន្ដរជាតិ ដោយសារ ព្រោះកម្ពុជាមានអំណោយផល ដ៏ល្អសម្រាប់ទីលានស្ដង់ដារអន្ដរជាតិ នៃតំបន់ឆ្នេរដ៏ស្រស់ស្អាត ហើយព្រមទាំងរៀបចំទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ប្រកបដោយភាពកក់ក្ដៅទៀតផង។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោង ជើងឯកអាស៊ាននេះ មានអត្តពលិក ២៧នាក់ មកពី៣ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី (សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី ដែលធ្វើការប្រកួតលើ ៥វិញ្ញាសា។

អត្ថបទដែលជាប់ទាក់ទង