ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយបញ្ចប់ការសាកសួរ តុលាការ អនុញ្ញាឲ្យ មេឈ្មួញប្រមូលទិញឈើជនជាតិវៀតណាមម្នាក់ ត្រឡប់ទៅផ្ទះវិញ

192

រតនគិរី៖ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ មេឈ្មួញឈើវៀតណាមម្នាក់ឈ្មោះ ផាម ថេគឿង ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែបានឲ្យត្រឡប់ទៅវិញ ក្រោយបញ្ចប់ការសួរនាំ។

មេឈ្មួញឈើវៀតណាមឈ្មោះ ផាម ថេគឿង ភេទប្រុស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C០០៣១១៦២ មានស្រុកកំណើតនៅខេត្តហាយផុង ប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កំពុងឈរត្រួតពិនិត្យឈើ នៅក្នុងចំការស្វាយចន្ទីមាត់ទន្លេសេសាន្ត ក្នុងភូមិប៉ុងលើ ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ក្រោយឃាត់ខ្លួន ឈ្មួញឈើរូបនេះ បាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីសួរចម្លើយ និងបន្តតាមនីតិវិធី។ លុះរហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ មេឈ្មួញឈើវៀតណាមម្នាក់នេះ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ នាំមកសាលាដំបូងខេត្តរនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែនៅវេលាម៉ោងប្រមាណ១១ថ្ងៃដដែល ត្រូវបាននគរបាលម្នាក់ ដឹកចេញពីបរិវេណតុលាការ តាមមធ្យោបាយរថយន្តហាយឡិនឌ័រ១គ្រឿង។

លោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បានប្រាប់ថា ជនជាតិវៀតណាមរូបនេះ គ្មានបន្ទុកភស្តុតាងជាក់ស្តែង សាក្សី និងមធ្យោបាយ ដើម្បីចង្អុលបង្ហាញថា ជនត្រូវចោទជាម្ចាស់ឈើនោះទេ។ លោកបានបញ្ជាក់ថា ការឃាត់ខ្លួនធ្វើឡើងនៅកណ្តាលផ្លូវ មានតែម៉ូតូ ទូរស័ព្ទ ពោល គឺគ្មានរថយន្ត ឃ្លាំង ឫសាក្សីចង្អុលបង្ហាញឡើយ ៕

អត្ថបទដែលជាប់ទាក់ទង