ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មណ្ឌលទទួលពលករកំរៀង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្ដល់សេវានានា ជូនប្រជាពលរដ្ឋជាពលករ

76

 

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធី។ គិតមកដល់ពេលនេះ ឯកឧត្តមបានរាយការណ៍ថា រដ្ឋបាលខេត្តបាត់ដំបងមានពលរដ្ឋជាពលករធ្វើចត្តាឡីស័កជាង៦៩ពាន់នាក់ ក្នុងនោះជាង៦៨ពាន់នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ក។

ដោយឡែកលោកនាយកអង្គការការីតាសប្រចាំកម្ពុជា ក៏បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ អំពីបេសកកម្មរបស់អង្គការមួយនេះនៅកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងនោះជាក់ស្ដែងគឺកិច្ចសហការគាំទ្រការកសាង និងការដំណើរការមណ្ឌលទទួលពលករកំរៀងដែលសម្ពោធនាថ្ងៃនេះ។

ចំណែកលោកជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធីថា មណ្ឌលទទួលពលករកំរៀងដែលសម្ពោធនាថ្ងៃនេះ ទទួលបានការគាំទ្រថវិកាពីមូលនិធិអង្គការការីតាស រួមទាំងថវិការបស់ គ.ជ.ប.ជ និងការរួមចំណែកឧបត្ថម្ភគាំទ្រពីសប្បុរសជនផ្សេងទៀត។

លោកជំទាវបន្តថា មណ្ឌលទទួលពលករកំរៀងមានរចនាសម្ព័ន្ធ ជាអគារបើកចំហរទំហំ១០ម៉ែត្រគុណ៣០ម៉ែត្រ អមដោយបន្ទប់ការងារ បន្ទប់សម្ភាសន៍ បន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារៈ បន្ទប់ទឹក បង្គន់អនាម័យ ប្រព័ន្ធសម្អាតទឹកកខ្វក់ ផ្ទះបាយ ក្លោងទ្វារ ស្រះទឹក ប្រព័ន្ធអគ្គីសនី និងបំពាក់ដោយគ្រឿងបរិក្ខារចាំបាច់មួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាមណ្ឌលទទួលពលករកំរៀង ដែលសម្ពោធនាថ្ងៃនេះ មានគុណតម្លៃខ្ពស់ជាងការចំណាយលើការសាងសង់ទៅទៀត ដ្បិតជាការបង្ហាញឱ្យឃើញនូវឆន្ទះរាជរដ្ឋាភិបាល ក្នុងការគោរពសិទ្ធិមនុស្ស ពិសេសការយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋជាពលករ ខណៈមណ្ឌលនេះនឹងត្រូវសាងសង់នៅខេត្តជាប់ព្រំដែនមួយចំនួនទៀត។

សម្ដេចក្រឡាហោមក៏បានចាត់ទុកមណ្ឌលនេះ ជាផ្នែកមួយនៃដំណើរការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកន្លែងសម្របសម្រួល ប្រមូលទិន្នន័យ និងផ្ដល់ការប្រឹក្សាយោបល់ ព្រមទាំងផ្ដល់ជម្រើសនានា ក្នុងការធានាការទទួលបានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់គ្រប់ទីកន្លែង។ សម្ដេចបានបន្តថាមណ្ឌលនេះជាមណ្ឌលទី២ ហើយបន្ទាប់ពីមណ្ឌលនៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អង្គការដៃគូជាតិ អន្តរជាតិ ពិសេសអង្គការការីតាស រដ្ឋបាលខេត្តជាប់ព្រំដែន និងបណ្ដាសប្បុរសជននានា ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការសាងសង់មណ្ឌលទទួលពលករកំរៀង និងការធ្វើឱ្យមណ្ឌលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្ដល់សេវានានាជូនប្រជាពលរដ្ឋជាពលករ។

សម្ដេចក៏បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់នៅកម្ពុជា រួមមានការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ សម្ដេចបន្តថាការបោះឆ្នោតអាណត្តិនេះ មានបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្ររហូតដល់អនុបណ្ឌិត ដែលនេះគឺជាសញ្ញាណល្អ ខណៈថ្នាក់ជាតិកំពុងខិតខំផ្ទេរសិទ្ធិអំណាច និងធនធានទៅថ្នាក់មូលដ្ឋាន។

ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានលើកឡើងអំពីការដំណើរការ ផ្ទេរសាកល្បងការគ្រប់គ្រងសាលាមត្តេយ្យសិក្សា និងបឋមសិក្សាមកឱ្យស្ថិតក្រោមរដ្ឋបាលក្រុងស្រុកនៅខេត្តបាត់ដំបង និងលទ្ធផលប្រកបដោយគុណសម្បត្តិ នៃការផ្ទេរមុខងារគ្រប់គ្រង់វិស័យសុខាភិបាល មកឱ្យរដ្ឋបាលខេត្តនៅមុនការមកដល់នៃជំងឺកូវីដ-១៩ ធ្វើឱ្យថ្នាក់ខេត្តមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការចាត់ចែងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមបានបន្តគូសបញ្ជាក់ជាថ្មីទៀត អំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការរួមកម្លាំងសាមគ្គីគ្នាគាំទ្រការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការនាំចូលសារធាតុផ្សុំគីមី មកផលិតកែច្នៃជាគ្រឿងញៀន។

សម្ដេចបានចាត់ទុកបញ្ហាគ្រឿងញៀននេះ ជារឿងគ្រោះថ្នាក់ធំនាពេលខាងមុខ ប្រសិនបើមិនរួមគ្នាចាត់វិធានការនាពេលនេះ ដ្បិតក្នុងចំណោមអ្នកជាប់ឃុំសរុបមានលើស៥០ភាគរយ ហើយដែលមានសារធាតុញៀនក្នុងខ្លួន ជាបន្ទុកបញ្ហាដែលរដ្ឋត្រូវដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង