ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ត្រូវមកវាស់ស្ទង់កម្តៅ និង ពិនិត្យសុខភាព មុនថ្ងៃប្រឡង១ថ្ងៃ ! ចំពោះបេក្ខជន ដែលមានកម្តៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាផ្សេងៗ ត្រូវធ្វើតេសរហ័យរកមេរោគកូវីដ-១៩

44

 

ភ្នំពេញ ៖ ដើម្បីរក្សាសុខសុវត្ថិភាព ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាលោកគ្រូអ្នកគ្រូនឹងអ្នកពាក់ព័ន្ធ នៅក្នុងមណ្ឌលប្រឡង ក្នុងសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ នេះ ក្រសួងអប់រំយុវជននិងកីឡា បានធ្វើការជូនដំណឹងដល់បេក្ខជន មាតា បិតា អ្នកអាណាព្យាបាល និងសាធារណៈជន ក្នុងការអនុវត្តនូវវិធានការនានា ចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមជាបន្តទៀត។

ថ្លែងនៅក្នុងស្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២០ខែធ្នូនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា បេក្ខជនទាំងអស់ត្រូវមកទទួលការវាស់ស្ទង់កំដៅ ពិនិត្យសុខភាពនិងទទួលស្ទិកឃ័រកំដៅធម្មតានៅតាមមណ្ឌលសំណេរនីមួយៗនៅមុនថ្ងៃប្រឡងមួយថ្ងៃ គឺថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២១ និងត្រូវពាក់ម៉ាសជាប់ជាប្រចាំនៅក្នុងមណ្ឌលប្រឡង។

ចំពោះជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-19 នឹងស្ថិតនៅក្នុងអំឡុងពេលចត្តាលីស័កត្រូវធ្វើស្វ័យប្រកាសយ៉ាងតិចមួយថ្ងៃ មុនដំណើរការសំណេរ។ រីឯបេក្ខជនដែលមានកំដៅលើសពី ៣៧.៥អង្សាសេ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីត-19 នៅទីតាំងសុខាភិបាល ដែលកំណត់ដោយអាជ្ញាធរដែនដី រាជធានីខេត្ត នឹងត្រូវយកលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានកូវីដ-19 ពីភ្នាក់ងារសុខាភិបាលមកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលការអនុញ្ញាតឲ្យចូលប្រឡង។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬ បន្ទប់ប្រឡងជាដាច់ខាត ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្ម ភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យបេក្ខជន នឹងត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
យ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា បើទោះជាក្នុងស្ថានភាពរៀនរស់ជាមួយកូវីដ-19 ក្នុងបរិបទថ្មីនេះក៏ដោយ ប៉ុន្តែការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០- ២០២១នេះ នៅតែប្រព្រឹត្តទៅក្រោមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន។

សូមបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៧- ២៨ខែធ្នូឆ្នាំ២០២១ខាងមុខនេះ។ នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះដែរ មានបេក្ខជន ចុះឈ្មោះប្រឡងសរុបចំនួន ១១៤,១៨៣ នាក់ ក្នុងនោះស្រីចំនួន 60 397នាក់៕

អត្ថបទដែលជាប់ទាក់ទង