ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹង សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសដាក់ប្រទេសជាប្រក្រតីឡើងវិញ

280

 

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងប៉ូលីស ដូចជាកងកម្លាំងកងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំងនិងអាជ្ញាធរត្រូវរក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យ christmas និងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ការជំរុញរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងនា ល្ងាចថ្ងៃទី២០ធ្នូឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង ១៤នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះសម្តេចតេជោហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ ។ដូច្នេះរាល់សកម្មភាពនានាវានឹងកើតឡើងវិញ
ទាំងបទល្មើសផ្សេង ទាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងបញ្ហា សណ្ដាប់ធ្នាប់សាធារណៈ ។ ដូច្នេះលោកជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀននិងល្បែងស៊ីសងជាដើម
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។

ឯកឧត្តមបន្តថា ពាក់ព័ន្ធនិងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះនៅក្នុងមូលដ្ឋានរបស់ខ្លួន បើយើងដោះមិនចេញត្រូវរាយការណ៍ មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ពិធីបុណ្យចូលឆ្នាំសកលនេះ បងប្អូនប្រជាពលរដ្ឋនិងសម្រុកចាកចេញពីលំនៅដ្ឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឲ្យតំបន់ប្រឈមមួយចំនួនមានការកកស្ទះចរាចរ ។ដូច្នេះក្នុងនាមយើងជាអាជ្ញាធរកម្លាំងមានសមត្ថកិច្ច ត្រូវសម្រួលសារាចរជូនបងប្អូនប្រជាពរដ្ឋ ដើម្បីឲ្យពួកគាត់បានសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់អោយដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោកនឹងប្រើប្រាស់កម្លាំងចំនួន១១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពនិងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ បានសប្បាយក្អាកក្អាយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស ថេត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះ លោកឃួង ស្រេងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយលោកតែងបានចុះផ្ទាល់លើការត្រួតពិនិត្យ កងកម្លាំងដែលត្រូវប្រចាំនៅតាមគោលដៅនានា នៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញអោយឃើញពីភាពខ្លាំង នៃការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង