ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានរដ្ឋវៀតណាម

27

 

ភ្នំពេញ ៖ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥:៤៥ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯក-ឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមប្រជាជន និងព្រឹទ្ធសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ង្វៀន សួនហ៊្វុក និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋនាពេលនេះ ពិតជានឹងនាំមកនូវការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រិតបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំបីយូរលង់ណាស់មកហើយ។
នៅក្នុងឱកាសនោះ ឯកឧត្តម ង្វៀន សួនហ៊្វុក បានមានប្រសាសន៍ថា ប្រជាជន និងប្រទេសទាំងពីរបានប្រគៀកស្មា និងសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីរួមគ្នាតស៊ូជាមួយពួកចក្រពត្តិ។ តាំងពីពេលមុនរហូតមកដល់ពេលបច្ចុប្បន្ននេះប្រទេសទាំងពីរ បានពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ និងកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តម ង្វៀន សួនហ៊្វុក បានមានប្រសាសន៍បន្តទៀតថា ប្រទេសទាំងពីរបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដូចជាវិស័យការពារជាតិ សន្តិសុខ វប្បធម៍ សេដ្ឋកិច្ច និងវិស័យអប់រំ។ល។ ហើយបច្ចុប្បន្ននេះ ទំហំពិណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ដោយសម្រេចបានប្រហែលជាង ៩ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ង្វៀន សួនហ៊្វុក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដើម្បីចាត់ទុកជាមរតកឱ្យយុវវជនជំនាន់ក្រោយ។ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស និងអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ នៅក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាតាមប្រពន័្ធនិម្មិត។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែបានផ្តល់ជំនួយដល់គ្នាទៅវិញទៅមកទាំងថវិកា វ៉ាក់សាំង ក៏ដូចជាឧបករណ៍សម្ភារសុខាភិបាល។
សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។ ជាក់ស្តែងនាពេលនេះ ឯកឧត្តមប្រធានរដ្ឋបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាវិញ។ ប្រការនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជន និងប្រទេសទាំងពីរ តាមពាក្យស្លោក អ្នកជិកខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា ក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុ ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់។ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង”។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏មហាសាលរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនីស្តវៀតណាម។ សម្តេចបានប្រសិទ្ធពរសូមឱ្យប្រទេសវៀតណាមបន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត ស្របតាមសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូ សូមទទួលជោគជ័យ ក្នុងការ ស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង