ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចហេង សំរិន និងឯកឧត្តមប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភា ដែលជាជំនួយរដ្ឋាភិបាលវៀតណាម

45

 

ភ្នំពេញ ៖ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីជំនួបសម្តែងការគួរសមហើយ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានរដ្ឋ បានអញ្ជើញជាអធិបតីភាពរួមគ្នា នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងបរិវេណវិមានរដ្ឋសភាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ដែលនឹងរួមចំណែកទ្វេដងទៀត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលមានជាយូរមកហើយនោះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសបានចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងថវិកា និងសម្ភារបរិក្ខាពេទ្យ។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជាសម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាមេរិក ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ។

ឯកឧត្តម ង្វៀន សួនហ៊្វុក បានអបអរសាទរចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាននាពេលកន្លងមក ទំាងនៅស្ថាប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សម្តេចប្រធានរដ្ឋសភានៅក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យមានការរីកចម្រើនជាលំដាប់។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ទំាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ នៃប្រទេសទំាងពីរ និងមានក្តីសង្ឃឹមថាក្រោមកិច្ចសហប្រតិបត្តិការជាប្រពៃណី និងបងប្អូននេះ ប្រទេសកម្ពុជា និងវៀតណាមនឹងសម្រេចបានសមិទ្ធិផលធំៗបន្តបន្ទាប់ទៀត។

សូមជម្រាបជូនថា អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្តចំនួនពីរជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភ័ណភាពនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ។

នៅក្នុងរបាយការណ៍ដែលបានលើកឡើងដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបង្ហាញថា នៅក្នុងគម្រោងអនុវត្តដ៏ធំក្នុងការសាងសង់អគាររដ្ឋបាលថ្មីដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចាត់ចែងអនុវត្តទៅតាមផែនការដែលមាន៤ដំណាក់កាល គឺការដេញថ្លៃជ្រើសរើសទីប្រឹក្សា បន្ទាប់មកជ្រើសរើសក្រុមហ៊ុន Archetype បានផ្តើមកសាងប្លង់ទំាងឡាយ និងបន្ទាប់មកបានដាក់សុំការអនុញ្ញាតសាងសង់ជូនទៅក្រសួងដែនដីនគរូបនីយកម្ម ដំណាក់កាលទី៣គឺដេញថ្លៃការសាងសង់អគារ និងការផ្គត់ផ្គង់បរិក្ខាទំាងឡាយ ដែលបានកំពុងអនុវត្ត និងដំណាក់កាលចុងក្រោយគឺត្រូវធ្វើការសាងសង់អគារ និងបំពាក់គ្រឿងបរិក្ខាឲ្យរួចរាល់ ក្នុងពេលឲ្យបានឆាប់ ជាការល្អ៕

អត្ថបទដែលជាប់ទាក់ទង