ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពី លទ្ធផលនៃកិច្ចប្រជុំ ដោះស្រាយវិវាទការងារ ក្រុមហ៊ុន ណាហ្គាវើលដ៏

237

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំដោះស្រាយវិវាទការងារ ក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីតធីត។ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់កម្មករ និយោជិតដែលមានវិវាទការងារ ឱ្យបន្តភាពអត់ធ្មត់ ដោយបញ្ឈប់ការ សំដែងមតិដោយខុសច្បាប់ ដើម្បីទុកពេលឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចបន្តធ្វើការសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនភាគីទាំងពីរដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យគ្នា និងស្របតាមច្បាប់ជាធរមាន។

នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទីព្រឹក នៅសាលារាជធានីភ្នំពេញ មាន បើកកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត ក្រោមអធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈ អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។

បន្ទាប់ពីកិច្ចពិភាក្សារវាងគ្រប់ភាគីពាក់ព័ន្ធ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

១- តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ បានយល់ ព្រមធ្វើបញ្ជីឈ្មោះកម្មករនិយោជិតចំនួន ៣៦៥នាក់ បែងចែកជាចំនួន ០២គឺ៖ យល់ព្រមទទួលយកសំណង ដើម្បីបញ្ឈប់ពីការងារ ប៉ុន្តែស្នើសុំគោលការណ៍ទូទាត់ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ អ្នកស្នើសុំចូលបម្រើការងារវិញ។

២- ក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវយកបញ្ជីឈ្មោះការទូទាត់ប្រាក់សំណង របស់កម្មករនិយោជិត ចំនួន ៣៦៥នាក់ ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ត្រួតពិនិត្យ។

៣- តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវយក ស្មារតីអង្គប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះទៅផ្សព្វផ្សាយ ដល់កម្មករនិយោជិតឱ្យរំសាយការប្រមូលផ្ដុំជាដាច់ខាត ដើម្បីទុកពេលក្នុងការដោះស្រាយ ជាមួយអាជ្ញាធរ។ ប៉ុន្តែទុកលទ្ធភាពឱ្យកម្មករនិយោជិតជាអ្នកសម្រេចចិត្ត។

៤- តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ បានយល់ព្រមជាមួយរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំរកដំណោះស្រាយបន្ត នៅរសៀលថ្ងៃនេះដដែលវេលាម៉ោង ១៤:៣០នាទី នៅសាលារាជធានីភ្នំពេញ។

នៅរសៀលម៉ោង ១៥និង៣០នាទី កិច្ចប្រជុំពិភាក្សារកដំណោះស្រាយបាននៅតែបន្តចាប់ផ្តើម ទោះបីជា អង្គប្រជុំត្រូវរង់ចាំតំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ អស់រយៈ ពេលមួយម៉ោង ដោយមូលហេតុតំណាងសហជីពមានភាពយឺតយ៉ាវក៏ដោយ។ ជាលទ្ធផល អង្គប្រជុំបានសម្រេច ដូចខាងក្រោម៖

១- សហជីពត្រូវធ្វើបញ្ជីឈ្មោះកម្មករនិយោជិតទាំង ៣៦៥នាក់ ដែលក្នុងនោះមានចំនួន ៤៨នាក់ លើចំនួន ៣០០នាក់ យល់ព្រមទទួលយកប្រាក់សំណង ដើម្បីឈប់ពីការងារនៅពេលទូទាត់ ត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ។

២- សហជីពត្រូវទំនាក់ទំនង អ្នកនៅសេសសល់ចំនួន ៦៥នាក់ ដើម្បីបញ្ជាក់ពីជំហរថាព្រមទទួល ប្រាក់សំណងឈប់ពីការងារ ឬចង់បន្តចូលបម្រើការងារវិញ ហើយរៀបចំបញ្ជីឈ្មោះឱ្យបាន ច្បាស់លាស់។

៣- សាលារាជធានីភ្នំពេញស្នើឱ្យសហជីពត្រូវធ្វើបញ្ជីឈ្មោះឱ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ពី អ្នកឈប់ពីការងារ នៅពេលទូទាត់ត្រឹមត្រូវស្របតាមច្បាប់ស្ដីពីការងារ និងអ្នកដែលចង់ចូល បម្រើការងារវិញ ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីមានមូលដ្ឋានពិនិត្យ ចរចាដោះស្រាយ។

៤- សាលារាជធានីភ្នំពេញស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹង អញ្ជើញកម្មករនិយោជិតចំនួន ៣៦៥នាក់ និងតំណាងសហជីពមកដោះស្រាយផ្ទាល់ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ ហើយភាគីសហជីព អាចអញ្ជើញអ្នកច្បាប់មកចូលរួមដើម្បីឱ្យមានតម្លាភាព។ ក្នុងករណ៏មិនចូលរួម កម្មករនិយោជិត និងសហជីពនៅតែបន្តសកម្មភាពធ្វើបាតុកម្មដោយខុសច្បាប់នៅតាមទីតាំងសាធារណៈ ធ្វើឱ្យ ប៉ះពាល់ដល់នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់។ សហជីពនិងយកដំណឹងនេះទៅផ្សព្វផ្សាយជូនកម្មករនិយោជិត ហើយការសម្រេចចិត្តស្ថិតលើស្មារតីរួមរបស់កម្មករ។

៥- ស្នើក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីទទួលបានបញ្ជីឈ្មោះអ្នកដែលទទួលសំណងឈប់ពីការងារ និងអ្នកដែលស្នើសុំចូលបម្រើធ្វើការងារវិញ ត្រូវយកបញ្ហានេះទៅប្រជុំជាមួយក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ដើម្បីពិនិត្យសម្រេចលើការស្នើសុំនេះ និងរាយការណ៍លទ្ធផលប្រជុំមកសាលា រាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដោះស្រាយតាមនីតិវិធីបន្ត។

៦- រដ្ឋបាលរាជធានីភ្នំពេញត្រូវចេញសេចក្តីប្រកាសព័ត៌មានជូនដល់សាធារណៈជន ដើម្បីបានជ្រាប ចំពោះលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចៀសវាងការផ្សព្វផ្សាយបំភ័ន្ត ដល់សាធារណៈមតិឱ្យយល់ច្រឡំខុសពីការពិត។

ទោះបីជាសាលារាជធានីភ្នំពេញខិតខំអញ្ជើញភាគីពាក់ព័ន្ធមកប្រជុំរកដំណោះស្រាយវិវាទការងារ ហើយទទួលបានលទ្ធផលដូចបានជម្រាបជូនខាងលើយ៉ាងណាក៏ដោយ ក៏កម្មករ និយោជិតក្រុមហ៊ុន ណាហ្គាវើលដ៍ ពុំបានរំសាយការប្រមូលផ្តុំគ្នាធ្វើការសំដែងមតិដោយខុសច្បាប់តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឡើយ ហើយបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់កម្មករ និយោជិតដែលមានវិវាទការងារ ឱ្យបន្តភាពអត់ធ្មត់ ដោយបញ្ឈប់ការ សំដែងមតិដោយខុសច្បាប់ ដើម្បីទុកពេលឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចបន្តធ្វើការសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនភាគីទាំងពីរដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យគ្នា និងស្របតាមច្បាប់ជាធរមាន៕​

អត្ថបទដែលជាប់ទាក់ទង