ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនខេត្តព្រះសីហនុ ចាប់ផ្ដើមមកទទួលការចាក់វ៉ាក់សាំងកូវីដ19 ដូសជម្រុញទី 3 ចាប់ពីថ្ងៃទី 21 ខែធ្នូនេះហើយ

196

 

ព្រះសីហនុ ៖ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានសរសេរសារលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃនេះថា ប្រជាជនខេត្តព្រះសីហនុ ចាប់ផ្ដើមមកទទួលការចាក់វ៉ាក់សាំងកូវីដ19 ដូសជម្រុញទី 3 ចាប់ពីថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2021 នេះហើយ ដែលទទួលចាក់ដោយ ក្រុមគ្រូពេទ្យនៃកងយុទ្ធពលខេមរៈភូមិន្ទចំនួន ៣អង្គភាព រួមមានកងពលតូចលេខ 70 កងទ័ពជើងទឹក និងកងកិត្តិយសត្រែទ័ព សម្រាប់រយៈពេល 10 ថ្ងៃ។

ឯកឧត្តម ឡុង ឌីម៉ង់ បានថ្លែងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី 3 ចាប់ពីថ្ងៃនេះ គាប់ជួនជាមួយនឹង ការប្រកាសបញ្ចប់ព្រឹត្តិការណ៍ 20 កុម្ភៈ ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ។

ដូច្នេះសូមប្រជាពលរដ្ឋនាំគ្នាទៅ ទទួលការចាក់វ៉ាក់សាំង ដូសជំរុញទី 3 នេះ ឲ្យបានគ្រប់ៗគ្នា នៅទីតាំងចំនួន 14 កន្លែង រួមមាន សាលាបច្ចេកទេសដុនបូស្កូ (សង្កាត់លេខ 4 ក្រុងព្រះសីហនុ) សាលាហ្វឹកហ្វឺន សង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន (សង្កាត់លេខ 1 ក្រុងព្រះសីហនុ) វត្តស្មាច់ដែង (ឃុំរាម ស្រុកព្រៃនប់) វត្តអូរចំណារ (ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់) វត្តវាលមាស (ឃុំវាលរេញ ស្រុកព្រៃនប់) វត្តសុវណ្ណគង្គា (ឃុំសាមគ្គី ស្រុកព្រៃនប់) វត្តសារាយអណ្ដែត (ឃុំជើងគោ ស្រុកព្រៃនប់) វត្តសុវណ្ណគីរីវ័ន (ឃុំតានៃ ស្រុកព្រៃនប់) វត្តស្ទឹងឆាយ (ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា) វត្តភ្នំក្អោង (ឃុំចំការហ្លួង ស្រុកកំពង់សិលា) វត្តឧត្តមមុនីវង្សកំពង់សីលា (ឃុំកំពង់សិលា ស្រុកកំពង់សិលា) វត្តសំរោងប្រសិទ្ធិវង្ស (ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា) តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ឃុំបិតត្រាង) តំបន់សេដ្ឋកិច្ចពិសេសចេជាំង៕

អត្ថបទដែលជាប់ទាក់ទង