ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសតែងតាំងមេទ័ពកំពូល៣រូប ឱ្យចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី៦

182

នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទចំនួន៣រូប ត្រូវដំឡើងឋានន្តរស័ក្តិ និងប្រកាសតែងតាំងឲ្យចូលកាន់ តំណែងជាផ្លូវការ សម្រាប់អាណត្តិទី៦ថ្មីនេះ។

នាយទាហានជាន់ខ្ពស់ទាំង៣រូប ដែលត្រូវប្រកាសឱ្យកាន់តំណែងកំពូលៗរបស់កងទ័ព នៃប្រទេសកម្ពុជា រួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។

ពិធីធ្វើឡើងក្រោមអធិបតី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា មុនមកកាន់ តួនាទីជាមេទ័ពកំពូល​ របស់ជាតិ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន គឺជាមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។

ប្រវត្តិសង្ខេបការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
លោក វង្ស ពិសេន កើតនៅភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង បានចូលបម្រើកងទ័ពថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៩ ទទួលបានមុខតំណែងនិងឋានន្តរសក្តិដូចខាងក្រោម៖
-១៩៧៩ – ១៩៨០ ជាប្រធានក្រុម
-១៩៨០ – ១៩៨១ ជាសិក្ខាកាមអាកាសចរ ដល់ខែសីហា ១៩៨១ ជាប្រធាន (ខ) ជំនួយការប្រធានការិយាល័យសេនាជនខេត្តព្រៃវែង
-១៩៨១ – ១៩៨៤ អនុ (ឃ) អនុមន្ទីរសេនាធិការយោធាខេត្តព្រៃវែង
-១៩៨៤ – ១៩៨៧ ប្រធាន (ឃ) ប្រធានមន្ទីរសេនាធិការយោធាខេត្តព្រៃវែង
-១៩៨៧ – ១៩៨៩ អនុ (ង) អនុសេនីយ៍ឯក មេបញ្ជាការរងយោធាខេត្តព្រៃវែង
-១៩៨៩ – ១៩៩១ វរសេនីយ៍ត្រី អនុបញ្ជាការ F២៨៦
-១៩៩១ – ១៩៩៥ វរសេនីយ៍ឯក មេបញ្ជាការតំបន់សឹករងខេត្តព្រៃវែង
-១៩៩៥ – ១៩៩៩ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
-១៩៩៩ – ២០០១ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-២០០១ – ២០០៣ ឧត្តមសេនីយ៍ទោ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
-២០០៣ – ២០១៨ ឧត្តមសេនីយ៍ឯក មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
-២០១៨ – បច្ចុប្បន្ន នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៕

អត្ថបទដែលជាប់ទាក់ទង