ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្នុងប្រទេសកម្ពុជា សកម្មភាពដែលពួកគេរៀបចំ ការតវ៉ាគ្រប់ទាំងអស់ គឺពួកគេបានត្រៀមតួសម្ដែង នៅមុខកាមេរ៉ាថត

50

 

ភ្នំពេញ ៖ លោក សួន ​សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសារលើផេកហ្វេសប៊ុកនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះថា ការរៀបចំធ្វើបាតុកម្មធម្មតា ឲ្យក្លាយទៅជាការតវ៉ាលើដងផ្លូវ ដើម្បីប្រែក្លាយឲ្យទៅជាបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ គឺមានការៀបចំជាប្រព័ន្ធនិងគាំទ្រថវិកាពីស្ថានទូតបរទេស !។
លោក បានបន្តថា ជាការពិតគឺក្រុមបាតុករ ឬអ្នកតវ៉ាភាគច្រើនគឺជាជនរងគ្រោះទេ… រងគ្រោះដោយការជ្រៀតចូល និងរៀបចំប្រែក្លាយបាតុកម្មទាមទារដោះស្រាយវិវាទការងារ ឲ្យក្លាយទៅជាការតវ៉ាសាធារណៈ លើដងផ្លូវ ដើម្បីសម្រេចបំណងបដិវត្តន៍ពណ៌មួយ ដែលមានការរៀបចំជាប្រព័ន្ធ និងការជួយជ្រោមជ្រែងស្បៀង អាហារ និងមធ្យោបាយផ្សេងៗ ពីសំណាក់ទូតរបរទេស តាមរយៈអង្គការនយោបាយលាក់មុខ ដែលប្រើឈ្មោះជាក្រុមសង្គមស៊ីវិល…។

សកម្មភាពការតវ៉ា ដែលគេរៀបចំជាប្រព័ន្ធ ដើម្បីសម្រេចបំណងឲ្យក្លាយទៅជាបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលនោះ គឺរួមមាន ៖
១- រៀបចំឲ្យស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងកុមារឈរជួរមុខ ត្រៀមខ្លួនអនុវត្ត «ល្បិចឈឺសាច់» ជាមួយអាជ្ញាធរសមត្ថកិច្ច ។
២- ប្រព័ន្ធកាមេរ៉ាថតរូបនិងថតវីដេអូ ត្រៀមកាណុងរួចជាស្រេចទៅក្រុមគោលដៅទទួលអនុវត្ត «ល្បិចឈឺសាច់» ជាស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងកុមារទាំងអស់នោះ ដើម្បីថតរូបពេលប្រឈម ។
៣- ក្រុមអ្នកជ្រើសរើសរូប កាត់ត និងដាក់បង្ហោះចូលក្នុងបណ្តាញសង្គមដើម្បីទាញយកការចាប់អារម្មណ៍និងគាំទ្រពីបរទេសគ្នាគេ ដើម្បីវាយប្រហារលើរដ្ឋាភិបាល ។
៤- ក្រុមមេសកម្មជននយោបាយលាក់មុខដែលជ្រកក្រោមស្លាកសង្គមស៊ីវិល ចេញមុខផ្តល់បទសម្ភាសន៍ជាមួយកាសែត សារព័ត៌មាន ដើម្បីការពារសកម្មភាពតវ៉ាដែលពួកគេនៅឈររៀបចំពីក្រោយ និងបានរៀបចំញ្ញត្តិទុកជាស្រេចសម្រាប់ដង្ហែរដាក់តាមទូតគ្នាគេ និងអង្គការនានា ។
៥- ក្រុមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមរបស់ពួកគេដែលទទួលបានការឧបត្ថម្ភលុយពីទូតបរទេស គឹខំផ្សព្វផ្សាយចែករំលែកព័ត៌មាន និងរូបភាពកាត់តដែលពួកគេប្រម៉ាញ់បានមកនោះ ដើម្បីជះវប្បធម៌សំអប់ឲ្យពលរដ្ឋនិងអន្តរជាតិខឹងស្អប់រដ្ឋាភិបាល ។

សកម្មភាពទាំង ៥ ដែលពួកគេរៀបចំជាប្រព័ន្ធ ដូចបានរៀបរាប់ខាងលើនេះ គឺទទួលបានការឧបត្ថម្ភលុយកាក់ ថវិកាគ្រប់គ្រាន់ ពីតំណាងទូតបរទេស ដើម្បីធ្វើសកម្មភាព និងពង្រីកសកម្មភាព ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែខ្លាំងឡើងៗ ហើយទោះបីជាមានការសម្របសម្រួល ពីខាងរដ្ឋាភិបាល ដើម្បីហៅភាគីកម្មករ និងថៅកែឲ្យចូលចរចាគ្នាដោះស្រាយវិវាទ ក៏ពួកគេជាមេដឹកនាំនៅពីក្រោយខ្នងនោះ មិនឲ្យតំណាងចូលដោះស្រាយដែរ ! រួចមិនតែប៉ុណ្ណោះ គឺពួកគេបានបង្កើតនិងបង្កើន លក្ខខណ្ឌកាន់តែតឹងៗឡើងៗ ច្រើនឡើងៗរហូត ។ ហេតុនេះហើយទោះជាពួកគេ បន្តធ្វើការតវ៉ាតាមដងផ្លូវ បង្កសកម្មភាពអាណាធិបតេយ្យប៉ុន្មានថ្ងៃ ប៉ុន្មានអាទិត្យ ប៉ុន្មានខែ ក៏មិនអត់បាយញ៉ាំ និងមិនអត់លុយចំណាយដែរ ។

ដូចនេះនៅក្នុងប្រទេសកម្ពុជារបស់យើង សកម្មភាពដែលពួកគេរៀបចំ ការតវ៉ាគ្រប់ទាំងអស់ គឺពួកគេបានត្រៀមតួសម្ដែង នៅមុខកាមេរ៉ាថត ដែលទទួលបានការបង្វឹកទាំងរបៀបនិយាយ របៀបស្រែក របៀបយំ របៀបននៀលអូសខ្លួន គ្រប់របៀបដើម្បីសម្ដែងជាតួសាច់កម្ម តួចាំឈឺសាច់ ក្នុងពេលមានអន្តរាគមន៍ សម្រួលសណ្តាប់ធ្នាប់ ពីខាងអាជ្ញាធរ ៕

អត្ថបទដែលជាប់ទាក់ទង