ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ចេញសារាចរជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និង ការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង

333

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី១១ខែមករាឆ្នាំ២០២២ បានចេញសារាចរជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និង ការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតសម្រេចបាននូវការបើក ដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់ ។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ ការសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ គឺដោយសារ រាជរដ្ឋាភិបាលបានដាក់ចេញ និងបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដែល ជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីបង្កើតឱ្យបាននូវភាពសុំសហគមន៍ទប់ទល់ នឹងមេរោគកូវីដ-១៩ ដែលគិតមកទល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងជូន ប្រជាជនដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ បានប្រមាណជិត៩០% ធៀបនឹងគោលដៅប្រមាណ ១៦ លាននាក់ ក្នុងនោះ មានប្រជាជនប្រមាណ ៤ លាននាក់ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ជាមួយគ្នានេះ, ការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាជនគ្រប់ៗរូប, គ្រួសារនីមួយៗ, សហគមន៍ និងពី គ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវ នូវវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេស វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាអាទិ៍ ការពាក់ម៉ាស ការធ្វើអនាម័យ និងការរក្សាគម្លាតសុវត្ថិភាព ក៏ជាកត្តាគន្លឹះក្នុងការធ្វើឱ្យសម្រេចបាននូវការបើកដំណើរការ ប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផងដែរ។

ខណៈដែលប្រទេសជាតិ ត្រូវបើកដំណើរការពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយស្ថានភាពនៃ ជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងសភាពធូរស្រាល និងអាចគ្រប់គ្រងវិញបាន រាជរដ្ឋាភិបាល ពិនិត្យឃើញថា ប្រជាជនមួយចំនួននៅតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញនៅឡើយ និង ចំនួនប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច ហើយទន្ទឹមនេះ ប្រជាជនមួយចំនួនហាក់បាន និង កំពុងមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេស វិធានការ “៣កុំ ៣ការពារ” ដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត។ ទន្ទឹមនេះ, ព្រះរាជាណាចក្រកម្ពុជា ក៏បានចាប់ផ្ដើមរកឃើញជាបន្តបន្ទាប់ នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍ផងដែរ។

ផ្អែកលើបរិបទខាងលើនេះ ជាពិសេស ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ផ្សេងទៀត ព្រមទាំងប្រជាជនទូទៅ ដូចខាងក្រោម៖

ទី១-គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត គន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន ឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពសុំសហគមន៍រឹងមាំ ពិតប្រាកដមួយ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាល មកពីការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

ទី២-គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាព នៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ ក្របខណ្ឌរាជធានី-ខេត្តនីមួយៗ ដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវ ពង្រឹងយន្តការឆ្លើយតប ឱ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេស ការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ឱ្យត្រូវទៅនឹងស្ថានភាព ជាក់ស្ដែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់ បណ្តារាជធានី-ខេត្ត។

ទី៣-គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នា បង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតអំពីភាពចាំបាច់ន ការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឱ្យប្រជាជនមកទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទី៤-គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចាត់វិធានការចាំបាច់ នានា ក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ “៣កុំ ៣ការពារ” និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាពិសេស ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព និង ការធ្វើអនាម័យជាប់ជាប្រចាំ។

ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង