ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ខណៈជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលដល់សហគមន៍ ត្រូវបន្តជុំរុញការចាក់វ៉ាក់សាំង

270

 

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ឲ្យពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះពិសេស គឺការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដុសមូលដ្ឋាន ដុសជំរុញទី៣និងដុសទី៤ ឲ្យបានគ្រប់គ្នា។

ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ស្ដីពីការ ជំរុញ ការងារ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដូស ជំរុញ ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង វិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាលនិងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំងដុសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនិងបង្កើត ទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងមូលដ្ឋានដុសជំរុញទី៣និងដុសទី៤ ឲ្យបានគ្រប់គ្នា។លោកបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះ ដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ-១៩ ។

លោកក៏បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំងទាំងដុសជម្រុញនិងដុសទី៤ អោយបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះនៅទាហានឬ ចាក់នៅតាមបណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឲ្យលេចឮ ពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។

លោកឃួង ស្រេង បានលើកឡើងថា៖រដ្ឋបាល រាជធានីភ្នំពេញ បានរៀបចំកន្លែងផ្ដល់ សេវាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ -១៩ ជូនបងប្អូន ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ មានចំនួន ៤២ទីតាំង ។ គ្រប់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ទាំងអស់ត្រូវធ្វើការណែនាំដល់មន្រ្តី គ្រប់ លំដាប់ថ្នាក់ត្រូវបន្ត អនុវត្ត ៣ ការពារ ៣កុំ និងត្រូវគោរព តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស មន្ទីរ អប់រំ យុវជន និង កីឡារាជធានីភ្នំពេញត្រូវចេញលិខិតជូនដល់មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ត្រូវទៅទទួលការ ចាក់ វ៉ាក់សាំងបង្ការជំងឺ កូវីដ -១៩ ឱ្យ បាន គ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ -១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែចូល មកដល់សហគមន៍ហើយ ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេងក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួន ទៅអាជ្ញាធរខណ្ឌទាំង១៤ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ ចំនួន១ម៉ឺនម៉ាស និងផ្សាររដ្ឋទាំងអស់ នៅទូទាំរាជធានីភ្នំពេញ ក្នុងមួយផ្សារៗទទួលបានម៉ាសចំនួន៥០០០ម៉ាស ដើម្បីចូលរួមក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ យើងអនុវត្តនូវវិធានការ ការពារទប់ស្កាត់ជម្ងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដូច្នេះយើងត្រូវបន្តអនុវត្តនូវវិធានការទាំងនេះ អោយបានល្អប្រសើរថែមទៀត ដើម្បីឈានទៅកាត់ផ្តាច់ជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែល បាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះ អោយបាន។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូល បានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាននោះ វាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចកម្ពុជា ក៏កាន់តែល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង