ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកង់គួក កង់ភ្នំ ជើងឯកថ្នាក់ជាតិ រកឃើញម្ចាស់ជ័យលាភី

280

សៀមរាប៖ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ដែលប្រារព្ធធ្វើពេញ១ថ្ងៃនៅថ្ងែទី១២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាបបានបញ្ចប់ដោយជោគជ័យ ខណៈគណៈកម្មការបច្ចេកទេសបានរកឃើញកីឡាករ កីឡាការិនីជ័យលាភីលើវិញ្ញាសា ចំនួន៧។

ជ័យលាភីលើប្រភេទកង់គួក៖ ១-វិញ្ញាសាកង់គួកបុរសថ្នាល (Junior) ចំណាត់ថ្នាក់លេខ១ កីឡាករ ចេង ជេមលេខ វិញ្ញាសាកង់គួកបុរសឈុតធំ (Elite) លេខ១ កីឡាករ លឹម តិចហ៊ុយ, វិញ្ញាសាកង់គួកបុរស (Master) លេខ១ កីឡាករ អេង លីន។ ប្រភេទកង់ភ្នំកង់ភ្នំ (Man Master MTB) លេខ១ កីឡាករ Vasco Ramsperger, កង់ភ្នំបុរស (Elite) លេខ១ កីឡាករ ឃឹម ម៉េងឡុង (Team SEA GAMES)កង់ភ្នំថ្នាល (Man Junior MTB) លេខ១ កីឡាករ ធីម លីម៉េងនិងវិញ្ញាសា កង់ភ្នំនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី ខេន ម៉ាឡៃ។ ក្រៅពីចំណាត់ថ្នាក់លេខ១ ក៏មានជ័យលាភីលេខ២ ដល់លេខ៥ លើវិញ្ញាសាទាំង៧នេះដូចៗគ្នាផងដែរ។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានលោកនូចំរើនទទួលបន្ទុកប្រធានគណៈកម្មការបច្ចេកទេសការប្រកួតនេះបញ្ជាក់ថា យោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំរបស់សហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធរបស់ក្រសួងអប់រំ យុវជននិងកីឡាសម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិសហព័ន្ធខ្មែរកីឡាទោចក្រយានបានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលត្រូវបានបញ្ចប់នាពេលនេះ។

ការប្រកួតឆ្នាំនេះនេះមានសមាគម ក្លិប ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៤៩នាក់ ក្នុងនេះមានកីឡាករ ១៧៩នាក់ និងកីឡាការិនី១៩នាក់ និងមន្ត្រីគណៈកម្មការរៀបចំការប្រកួតចំនួន ៧០នាក់។

ឆ្លងតាមការប្រកួតដោយស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពបច្ចេកទេសនិងអនុវត្តបានល្អនូវស្មារតីសាមគ្គី
ភាពមិត្តភាពព្រមទាំងអនុវត្តបានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌(Fair Play)បានជំរុញឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អ
ប្រសើរ។

សម្រាប់ការប្រកួតកង់ភ្នំ ដែលប្រារព្ធធ្វើឡើងនៅនៅឧទ្យានភ្នំគូលែន ភូមិបន្ទាយស្រី ឃុំឃ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបក៏ទទួលបានការជួយជ្រោមជ្រែងគាំទ្រយ៉ាងខ្លាំងពីអភិបាលស្រុកបន្ទាយស្រីហើយលោកអភិបាលស្រុកក៏ប្តេជ្ញាចិត្តខ្ពស់ក្នុងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៅស្រុកបន្ទាយស្រី លើកក្រោយៗទៀតផងដែរ។

លោកកឹម សុខុន អនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ថ្លែងក្នុងឱកាសបិទការប្រកួត និងពិធីបំពាក់មេដាយថា លោកពិតជារីករាយនិងកោតសរសើរចំពោះការចូលរួមប្រកួតប្រជែងអស់ពីសមត្ថភាពរបស់កីឡាករកីឡាការិនីនិងមន្ត្រីបច្ចេកទេសដែលខិតខំអស់ពីសមត្ថភាពដើម្បីជំរុញឲ្យការប្រកួតជើងឯកថ្នាក់ជាតិទទួលបានជោគជ័យដើម្បីបន្តការអភិវឌ្ឍទាំងគុណភាពបច្ចេកទេសរបស់អត្តពលិក និងមន្ត្រីបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដែលយើងនៅសល់រយៈពេលត្រឹមជាង ៤០០ថ្ងៃទៀតប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង