ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករម៉ូតូទឹកកម្ពុជាសាលី អ៊ូមើត នឹងត្រូវវះកាត់បន្ទាន់ ដោយសាររបួសប្រេះឆ្អឹងខ្នង

64

 

ភ្នំពេញ៖ ម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើតនឹងអវត្តមាន ពីព្រឹត្តិការណ៍ប្រកួតរង្វាន់ កម្រិតពិភពលោក Jet Ski World Cup and World Series2021-2022(ជុំទី៣)នៅប្រទេសថៃ ដោយសារតែគេមាន របួសប្រេះឆ្អឹងខ្នង ដែលតម្រូវឲ្យធ្វើការវះកាត់ជាបន្ទាន់ ។
កីឡាកររូបនេះបញ្ជាក់ថា រូបគេពុំបានដឹងមុនថា មានរបួសបែបនេះឡើយ ។ ដោយមានអាការៈឈឺចាប់ ពីមួយថ្ងៃទៅមួយថ្ងៃ គេក៏ទៅពិនិត្យទើបដឹងថាប្រេះឆ្អឹងខ្នង ហើយលោកវេជ្ជបណ្ឌិត បានប្រាប់ឲ្យផ្អាកសកម្មភាពហ្វឹកហាត់ និងការប្រកួតហើយត្រូវធ្វើការវះកាត់ ជាបន្ទាន់ទៀតផង ។
អ៊ូមើត បញ្ជាសក់ថា របួសនេះ អាចកើតឡើង អំឡុងពេលប៉ះទង្គិចក្នុង ការហ្វឹកហាត់ប្រមាណជា ១ខែមុន តែខ្លួនមិនចាប់អារម្មណ៍ ឡើយ។

ដោសាររបួសដែលមិនអាចអោយ ធ្វើការប្រកួតបាន សូម្បីតែការហ្វឹកហាត់ ផងដែរ បានធ្វើឲ្យម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះ មានការសោកស្ដាយជាខ្លាំង ព្រោះខ្លួនបានខិតខំប្រឹងប្រែងហ្វឹកហាត់ ជាយូរមកហើយដើម្បីត្រៀម ការប្រកួតពិភពលោកនេះ ក្នុងគោលបំណងដណ្ដើមលទ្ធផលល្អ និងកិត្តិយសជូនជាតិ តែបែរជាត្រូវខកខានទៅវិញ ខណៈការប្រកួតក៏ហៀប នឹងចាប់ផ្ដើមផងដែរ ។

យ៉ាងណាក្ដីពេលនេះ សាលី អ៊ូមើត បានស្នើពន្យារពេលការវះកាត់សិន ដើម្បីដឹកនាំកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៤រូបទៀត ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកខាងលើ រួមមានកីឡាករ ម៉ីន មូស្ដាន, កៃវ៉ាន់ ស៊ីដែន, សាលី ហ្វីលីន និង ម៉ីន អូស្មាន ។ បន្ទាប់មកទើប រូបគេកំណត់ពេលវេលាធ្វើការវះកាត់ ដែលអាចនឹងធ្វើឡើង នាចុងខែមករានេះ ។
សម្រាប់ព្រឹត្តិការណ៍ Jet Ski World Cup and World Series 2021-2022 គឺបែងចែកការប្រកួតជា ៣ជុំ ដោយជុំទី១ ប្រកួតនៅប្រទេសប៉ូឡូញ និងជុំទី២ ប្រកួតនៅសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២១ តែកីឡាករកម្ពុជា រួមទាំង សាលី អ៊ូមើត ពុំបានចូលរួមនោះទេ ដោយសារវិបត្តិកូវីដ-១៩ ។ ចំពោះការប្រកួតជុំទី៣ នៅថៃ ក្នុងសប្ដាហ៍នេះ គឺមានកីឡាករកម្ពុជា ៤រូបចូលរួម លើកលែងតែ អ៊ូមើត ប៉ុណ្ណោះ ដែលអវត្តមាន ៕

អត្ថបទដែលជាប់ទាក់ទង