ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថភាពកីឡាករ កីឡាការិនី គឺជាក្ដីកង្វល់

41

ភ្នំពេញ ៖ ក្នុងថានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ អ្វីដែលជារឿងខ្វល់ខាយធំជាង គឺការអភិវឌ្ឍន៍នូវសមត្ថភាពកីឡាករ កីឡាការិនីប៉ុណ្ណោះ ដោយពួកគេត្រូវតែសម្រុកការហ្វឹកហាត់ឲ្យបានខ្លាំងក្លា ខណៈពេលវេលាកាន់តែខ្លីទៅ។

នេះជាការលើកឡើងរបស់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២ (CAMSOC)និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាថ្លែង ក្នុងឱកាសបិទការប្រកួតចំបាប់ ជើងឯកជាតិឆ្នាំ២០២១នាល្ងាចថ្ងៃទី២៣មករា។

ឯកឧត្តមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធកីឡា ការរៀបចំ ការទទួលបដិសណ្ឋារកិច្ចត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ មិនមានអ្វីដែលជាការព្រួយបារម្ភនោះឡើយ ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃនេះដល់ថ្ងៃប្រកួត នៅសល់តែជាង៤០០ថ្ងៃប៉ុណ្ណោះ ដោយវេលាកាន់តែខ្លីៗទៅនេះ គឺជាក្តីបារម្ភច្រើនក្នុងការអភិវឌ្ឍគុណភាព បច្ចេកទេសរបស់កីឡាករ កីឡាការិនី។

ដោយឡែកហេដ្ឋារចនាសម្ព័ន្ធកីឡាការៀបចំ ទីលានប្រកួតត្រូវបានរៀបចំបានជាង៩០ភាគរយហើយ ខណៈការរៀបចំការទទួលបដិសណ្ឋារកិច្ច មិនមានអ្វីជាក្តីបារម្ភនោះទេដោយសារកម្ពុជាធ្លាប់ ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន បានល្អប្រសើរនិងទទួលបានការកោតសរសើរពីអន្តរជាតិ។

ឯកឧត្តមសង្កត់ធ្ង់ថា យើងខ្វល់ខ្វាយជាងគេគឺលើសមត្ថភាពកីឡាករកីឡាការិនី ដោយសារពេលវេលាកាន់ខ្លីមានការលំបាក ក្នុងការកសាងសមត្ថភាពមនុស្សឲ្យខ្លាំងពូកែ។ អ៊ីចឹងទេមានតែខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនី លោកគ្រូអ្នកគ្រូនិងមន្ត្រីបច្ចេកទេសរបស់
យើងទាំងអស់គ្នាត្រូវប្រឹងប្រែង និងប្រើប្រាស់ពេលវេលាខ្លីនេះ ឲ្យមានន័យបំផុត ក្នុងការរុញបច្ចេកទេសនិងគុណផលកីឡារបស់យើង ឲ្យឈានដល់កម្រិតខ្ពស់ដើម្បីជាក្តីសង្ឃឹម ក្នុងការស្វែងរកនូវប្រៀបឈ្នះនិងឧត្តមភាព ប្រកួតប្រជែងមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

ចាប់ពីពេលនេះតទៅសូមកីឡាករ កីឡាការិនី ដែលជាតួឯងត្រូវសម្រួចការហ្វឹកហាត់ឲ្យបានគត់មត់ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំនឹងឈរនៅពីក្រោយ ដើម្បីផ្តល់កម្លាំងចិត្ត ការឧបត្ថម្ភគាំទ្រជំរុញឲ្យឲ្យកីឡាករ កីឡាការិនី ឈានទៅរកគោលដៅនៃវេទិកាកិត្តិយសដែលកីឡាករកីឡាការិនីគ្រប់ៗរូបត្រូវក្តាប់យកឱកាសកិត្តិយសនេះឲ្យបាន។ហេតុនេះប្រភេទកីឡាចំបាប់កម្ពុជាត្រូវតែអភិវឌ្ឍឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។

ផែនការសហព័ន្ធចំបាប់គឺក្រុមជម្រើសជាតិកីឡាចំបាប់ត្រៀមចេញ ទៅបោះជម្រំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់នាអំឡុងពាក់កណ្តាល ខែកុម្ភៈឆ្នាំ២០២២ដែលយើងដឹងហើយថា ប្រទេសអ៊ីរ៉ង់គឺជាប្រទេសកំពូលមួយ នៃប្រភេទកីឡាចំបាប់នៅលើពិភពលោកដោយម្ចាស់ជើងឯកពិភពលោក ប្រមាណ៦០ទៅ៧០ភាគរយ គឺជាអត្តពលិកអ៊ីរ៉ង់។

ក្រុមចំបាប់កម្ពុជានឹងបានទៅស្រូបនូវភាពមុតស្រួច ក្នុងបច្ចេកទេសនៅទីនោះបានដោយក្រៅពីការហ្វឹកហាត់ ក៏មានការប្រកួតក្នុងស្រុករបស់អ៊ីរ៉ង់ ដែលកម្រិតប្រកួតក្នុងស្រុកនៅទីនោះ គឺមានកម្រិតខ្ពស់ជាងកម្រិតស៊ីហ្គេម។
ឯកឧត្តមវ៉ាត់ ចំរើនបានលើកទឹកចិត្តដល់ អត្តពលិកជម្រើសជាតិចំបាប់កម្ពុជា ដែលត្រៀមចេញទៅបោះជំរុំហ្វឹកហាត់នៅអ៊ីរ៉ង់ត្រូវ
មានស្មារតីនិងការប្តេជ្ញាចិត្តខ្ពស់ស៊ូទ្រាំអត់ធ្មត់ស៊ូទ្រាំ ការឈឺឆាប់កាន់តែខ្ពស់នោះការអភិវឌ្ឍបច្ចេកទេស ក៏កាន់តែលឿនទៅតាមនោះទៀតផង។

សន្ទស្សន៍មេដាយមាស ដែលគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់ជាគោលដៅ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាចំបាប់ គឺយ៉ាងតិចដណ្តើមឲ្យបានមេដាយមាស៣គ្រឿង។
«អ្វីដែលជាការប្រកួតដ៏សំខាន់លក្ខណៈអន្តរជាតិដ៏ធំមួយ គឺការប្រកួតកីឡាអាស៊ី (Asian Games) នៅទីក្រុង Hangzho ប្រទេសចិន ដែលមាន៤៥ប្រទេសចូលរួម នាថ្ងៃទី១០ដល់២៥ ខែកញ្ញា ឆ្នាំ២០២២។

ឆ្នាំ២០២២នេះគឺការហ្វឹកហាត់និងការប្រកួតអន្តរជាតិឲ្យបានច្រើន ដើម្បីជាក្តីសង្ឃឹមឲ្យកាន់តែមុតមាំត្រៀមដណ្តើមមេដាយជូន
ជាតិក្នុងស៊ីហ្គេមឆ្នាំ២០២៣។ហេតុនេះសូមប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីឲ្យវាសនាកីឡាចំបាប់កិត្តិយសជាតិ ស្ថិតនៅលើការប្រឹប្រែងរបស់យើងទាំងអស់គ្នា។ ភ្លេងជាតិកម្ពុជា​​ នឹងបន្លឺឡើងនូវក្នុងពិធីគោរពទង់ជាតិ ឲ្យបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំង១១ នៅពេលដែលក្រុមជម្រើស
ជាតិយើងឈានឡើងដល់ការឈ្នះមេដាយមាស៕

អត្ថបទដែលជាប់ទាក់ទង