ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆ្នាំ២០២៥ខាងមុខនេះ អគ្គនាយកស៊ីម៉ាក់ប្តេជ្ញាបោសសំអាតមីន ប្រឆាំងមនុស្សឲ្យអស់ នៅកម្ពុជា

29

 

ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា”ស៊ីម៉ាក់”បានប្តេជ្ញាធ្វេីយ៉ាងណា ឱ្យកម្ពុជាអស់ការគំរាមកំហែង ដោយសារគ្រាប់មីន ប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥ខាងមុខនេះ។

លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់ បានសរសេលើបណ្តាញសង្គម នៅថ្ងៃទី៨កុម្ភៈឆ្នាំ២០២២ថា៖ ខ្ញុំបានទទួលជួបពិភាក្សាការងារជាមួយលោក Juan Carlos Ruan ជាប្រធានលេខាធិការដ្ឋាននៃអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រេីប្រាស់ ការដឹកជញ្ជូន ការស្តុកទុកគ្រាប់មីនប្រឆាំងមនុស្ស ដែលមានវសនដ្ឋាន នៅក្រុងហ្សឺណែវ ប្រទេសស្វីស ហេីយលេខាធិការដ្ឋាននេះត្រូវធ្វេីការសំរាប់ រដ្ឋសមាជិកអនុសញ្ញាអន្តរជាតិ នេះ ដែលមានចំនួន១៦៥ប្រទេស។

លោកថា លោកJuan Carlos Ruan ចុះមកវាយតំលៃនេះ ដោយបានកោតសរសេីរនូវការខិតខំ របស់រាជរដ្ឋាភិបាលក្នុងការ អនុវត្តអនុសញ្ញាអន្តរជាតិមួយនេះ ប្រកបដោយជោគជ័យជាមួយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ទន្ទឹងនឹងក្រុមរបស់លោកក៏ចង់ ដឹងពីបញ្ហាប្រឈម នៃការបោសសំអាតគ្រាប់មីន នៅតាមបណ្តោយព្រំដែននៃប្រទេសជិតខាងកម្ពុជា ដែលមានមតិខ្លះសំដែងនូវការព្រួយបារម្ភ និងអាចយល់ខុសលេីស្ថានភាព បោសសំអាតមីនតាម បណ្តោយតាមព្រំដែននេះ។

លោកអគ្គនាយកស៊ីម៉ាក់កម្ពុជា បានបញ្ជាក់ថា “ខ្ញុំបានជំរាបជូនលោកJuan Carlos Ruan រាជរដ្ឋាភិបាលបានជំរុញភាពជាម្ចាស់លេីគ្រប់វិស័យ ដោយរួមទាំងវិស័យមីនផងដែរ។ អង្គភាពសុីម៉ាក់ជាស្ថាប័នជាតិ និងក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តសកម្មភាពបោសសំអាតគ្រាប់ មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម នោះ នឹងបន្តខិតខំធ្វេីឱ្យបានសំរេចអណត្តិរបស់ រាជរដ្ឋាភិបាលក្នុងធ្វេីយ៉ាងណាឱ្យកម្ពុជាអស់ការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥ខាងមុខនេះ”។
លោកថា អង្គភាពសុីម៉ាក់បានផែនការច្បាស់លាស់ ក្នុងការរំដោះតំបន់ចម្ការមីន ដែលមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិ ចំនួនជាង៧០៧គីឡូម៉ែត្រក្រឡាស្មេីនឹងប្រមាណជិត៩០% នៃទំហំផ្ទៃដីនិងចំនួនចម្ការមីនដែលនៅសល់នោះត្រឹមចុងឆ្នាំ២០២៥។ ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ អង្គភាពសុីម៉ាក់មានផែនការ សំរេចបោសសំអាតចម្ការមីនចំនួនជាង១៥០គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់បែកចង្កោមជាង៦០គីឡូម៉ែត្រក្រឡាផងដែរ។ ទន្ទឹងនឹងនេះ អង្គភាពសុីម៉ាក់បានទទួលការប្តេជ្ញាចិត្តពីរដ្ឋាភិបាលជប៉ុន ចិន UNDP និងសហរដ្ឋអាមេរិក ព្រមទាំងដៃគូដទៃទៀត បានគាំទ្រដល់ផែនការ យុទ្ធសាស្ត្ររបស់អង្គភាពសុីម៉ាក់ពីពេល នេះ (២០២២) ដល់ចុងឆ្នាំ២០២៥។ ករណីដែលអង្គភាពសុីម៉ាក់អាចរំដោះផ្ទៃដីប្រមាណ៩០% បានសំរេច តាមផែនការ ដោយសហការជាមួយកងយោធខេមរភូមិន្ទ នោះប្រតិបត្តិករផ្សេងៗរួមមានអង្គការដោះមីនអន្តរជាតិអាចជួយសំរេចតែ១០% ជាមួយគ្នា អាចជួយរាជរដ្ឋាភិបាលសំរេចអណត្តិរបស់ខ្លួន ស្របតាមអនុសញ្ញាអន្តរជាតិ Ottawa ខានតែបានត្រឹមចុងឆ្នាំ២០២៥។
លោកJuan Carlos Ruan បានស្តាប់លឺនិងឃេីញ សមិទ្ធិផលជាក់ស្តែងសំរេចបានកន្លងមក លោកមានទំនុកចិត្តចំពោះរាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្តេចតេជោ ដែលតែងតែចូលរួមយ៉ាងសកម្មបំផុត និងលះបង់ខ្ពស់ក្នុង ការអនុវត្តអនុសញ្ញាអន្តរជាតិOttawaនេះ ។

លោកក៏មានក្តីត្រេកអរនិងអបអរសាទរទុកជាមុន ចំពោះការប្តេជ្ញាចិត្តសំរេចតាម ផែនការជាយុទ្ធសាស្ត្រដូចខាងលេីនេះ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង