ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ជម្រុញអោយស្នងការរាជធានីថ្មីពិនិត្យមើលបញ្ហាធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋអោយបានលឿន

231

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជម្រុញឲ្យស្នងការនគរបាលរាជធានីភ្នំពេញថ្មី ត្រូវពិនិត្យឡើងវិញជុំវិញការធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដើម្បីធានាថាប្រជាពលរដ្ឋបានធ្វើ និងមានគ្រប់ៗគ្នា។

   ការជម្រុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីតែងតាំងមុខតំណែងស្នងការនគរបាលរាជធានីភ្នំពេញថ្មី កាលពីល្ងាចថ្ងៃទី១១ កញ្ញានេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ ។

  លោកឃួង ស្រេង បានគូសបញ្ជាក់ថា ស្នងការ ថ្មីត្រូវមើលបញ្ហានេះឲ្យបានខ្លាំងក្លា ព្រោះថានេះជាបញ្ហាមួយដែលត្រូវតែនាំគ្នាធ្វើឲ្យបានល្អទៅតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានដាក់ចេញធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋដើម្បីកុំឲ្យពួកគាត់មានការថ្លាំងថ្នាក់។

    ជាមួយគ្នានេះ ដែរអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការព្រមានចាត់វិធានការតាមច្បាប់ ចំពោះកងកម្លាំង មន្រ្តីនគរបាលក្នុងរាជធានីភ្នំពេញ ដែលអសកម្មក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ។

   សូមជម្រាបថាលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវបានមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ ដែលមានឋានៈស្មើរដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង