ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន៖ ជាអធិបតីភាព ពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

48

កណ្ដាល៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖ បុណ្យមាឃបូជា ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែល ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុង ចំណោម ព្រះសង្ឃចំនួន១២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយ ចំនួន១១សម្រាប់ឲ្យសមាជិក មហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះ ខណៈ អញ្ជើញជាអធិបតីក្នុង ពិធីបុណ្យមាឃបូជា ដែល ប្រព្រឹត្តទៅ នៅព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) និងពិធីរាប់បាត្រ ព្រះសង្ឃ៨០ អង្គ ស្ថិតនៅ ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃ១៥ កើត ខែមាឃ ឆ្នាំជូតទោស័កព. ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ២០២២ ។

យោងតាមឯកសារដែលមាននៅក្នុងព្រះរាជពិធីទ្វាយសមាស បានបញ្ជាក់ថា៖ ប្រភពនៃបុណ្យ មាឃបូជា គឺបុណ្យមួយដែលសារៈសំខាន់ ណាស់ សម្រាប់ វិស័យ ពុទ្ធសាសនា ដោយមាន អត្ថន័យ២យ៉ាង គឺ ប្រភពទី១៖ បុណ្យមាឃបូជា គឺជា បុណ្យ រំលឹកដល់ថ្ងៃ នៃការប្រជុំចតុរង្គសន្និបាតនៃ ព្រះអរហន្ត១២៥០ អង្គដែលប្រព្រឹត្តទៅ នា ថ្ងៃ ពេញ បូណ៌រមីក្នុង ឆ្នាំរកាមុន ពុទ្ធសករាជ ៤៤ឆ្នាំ ដែលជាថ្ងៃ នក្ខត្តឬក្សធំមួយរបស់ ព្រះ សក្យមុនី គោតមបរមគ្រូ នៃយើងដែលសន្និបាត បែបនេះ មានតែ ម្តងគត់នាសម័យពុទ្ធកាល ។

ប្រភព ទី២៖ បុណ្យមាឃបូជា គឺជា បុណ្យរំលឹក ដល់ ថ្ងៃ ដែលព្រះពុទ្ធ ជាម្ចាស់ប្រកាសដាក់ ព្រះ ជន្មាយុសង្ខារ ចំពោះ មុខមារប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែមាឃជា ថ្ងៃអភិលក្ខិតកាលដ៏ធំ មួយទៀត នៅមុនពុទ្ធសករាជ៣ ខែសម័យ នោះ ព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងទ្រង់ប្រជុំសាវក ហើយប្រកាសដាក់ព្រះជន្មាយុសង្ខារ របស់ព្រះអង្គ ។

សម្រាប់ ពុទ្ធសាសនិកកម្ពុជាយើងក៏បាន ប្រារព្ធធ្វើបុណ្យ មាឃបូជាដូច ប្រទេសកាន់ ព្រះពុទ្ធ ដទៃទៀត ដែរពោលគឺ ចាប់តាំងពី រជ្ជកាល ព្រះបាទ សម្តេចព្រះ ស៊ីសុវត្ថិមុនីវង្សមក រាជរដ្ឋាភិ បាល បានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជា ថ្ងៃបុណ្យសម្រាប់ ជាតិហៅ យ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាង ព្រះពុទ្ធសាសនា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង