ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា ០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ

299

ព្រះសីហនុ៖ នារសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ  ចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា ០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អគារសិក្សាដែលកំពុងដំណើរការសាងសង់នេះមានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង ១០បន្ទប់ សរុបមាន ៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លាសហរដ្ឋអាមេរិក សាងសង់ដោយក្រុមហ៊ុន លីន សុគន្ធា។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យក្រុមហ៊ុន ទទួលការត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបាន ចូលរៀននៅបវេសនកាលឆ្នាំសិក្សាថ្មីនាពេលខាងមុខ។

គួររំលឹកផងដែរថា ដោយមើលឃើញពីផល លំបាកសម្រាប់សិស្សានុសិស្ស ដែលរៀនចប់អនុវិទ្យាល័យ បានបោះបង់ការសិក្សា ដោយសារអត់មានសាលារៀនបន្តនៅជិតផ្ទះ ព្រោះនៅទីនេះមាន ០៣ឃុំ មានដូចជាឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ ដែលមានអនុវិទ្យាល័យចំនួន០៣ ហើយមិនមានវិទ្យាល័យនៅជិត។ ពេលដែលរៀនចប់នៅអនុវិទ្យាល័យ សិស្សដែលមានលទ្ធភាពត្រូវទៅរៀននៅវិទ្យាល័យវាលរេញ ដែលមានចម្ងាយឆ្ងាយ។ មូលហេតុបែបនេះទើបឯកឧត្តម គួច  ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានពិគ្រោះជាមួយលោកឧកញ៉ា តុង ចំរើន ដែលជាសប្បុរសជន និងគោរពសុំយោបល់ពីសម្ដេចតេជោ ដោយមានការឯកភាពឱ្យលោកឧកញ៉ា តុង ចំរើន ជួយសាងសង់អគារសិក្សាមួយខ្នងនេះ ក្នុងនាមសម្ដេចតេជោ ហើយយើងក៏បាន ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ លីន សុគន្ធា ដែលមានតម្លៃសាងសង់ចំនួន ៦២ម៉ឺនដុល្លាអាមេរិក។ បន្ទាប់ពីបញ្ចប់ការសាងសង់ ឆ្នាំក្រោយពេលបើកបវេសនកាលយើងនឹងមានអគារសិក្សាថ្មីមួយខ្នងនេះសម្រាប់ឱ្យសិស្សចូលរៀន ដើម្បីប្រែក្លាយអនុវិទ្យាល័យនេះ ក្លាយទៅជាវិទ្យាល័យ ហើយសាលា ក៏ត្រូវបណ្តុះបណ្តាលគ្រូបណ្តើរៗនៅពេលសាលាសាងសង់រួច សិស្សដែលរៀនចប់ឆ្នាំនេះ មិនចាំបាច់ទៅរៀនបន្តនៅវិទ្យាល័យវាលរេញនោះ គឺអាចរៀនបន្តនៅទីនេះតែម្តង។

អត្ថបទដែលជាប់ទាក់ទង