ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានបញ្ចប់ដោយការឯកភាព និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលជាផែនទីបង្ហាញផ្លូវ ដល់កងកម្លាំងនគរបាលប្រទេសសមាជិកអាស៊ាន

47

 

ភ្នំពេញ៖ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួម ពីគណៈប្រតិភូជាតំណាងកងកម្លាំងនគរបាល នៃប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេស/ស្ថាប័នជាដៃគូពិភាក្សាចំនួន០៩ (ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ហ្សឺលែន តួគឺ រុស្សី Interpol ភ្នាក់ងារឧក្រិដ្ឋកម្មអង់គ្លេស) និងប្រទេស/ស្ថាប័នអ្នកសង្កេតការណ៍ ចំនួន០៤ (បារាំង កាណាដា FBI និងIACP) សរុបប្រមាណ២៥០រូប។

ពិធីបើកសន្និសីទ បានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសអាស៊ាន ប្រចាំនៅកម្ពុជា។ នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងសន្ទរកថាបើកអង្គសន្និសីទ និងប្រកាសប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»។

បន្ទាប់ពីសេចក្តីរាយការណ៍ ស្តីពី វឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៣៩ របស់ប្រធានប្រតិភូនគរបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមរួចមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានជ្រើសរើសតែងតាំងជាប្រធាន ដើម្បីដឹកនាំសន្និសីទអាស៊ានណាប៉ូលលើកទី៤០។

សន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានដំណើរការទៅដោយ រលូនតាមកម្មវិធីដែលបានគ្រោងទុក ក្នុងស្មារតីមិត្តភាព ស្និទស្នាល គោរពគ្នាទៅវិញទៅមក និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ អង្គសន្និសីទ បានផ្លាស់ប្តូរនូវសភាពការណ៍ លទ្ធផលការងារ និងបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមក ទាក់ទងនឹងបទល្មើសឆ្លងដែន និងបទល្មើសមិនប្រពៃណីមួយចំនួន ក្នុងនោះបានផ្តោតសំខាន់លើបទល្មើសដែនចំនួន១០ រួមមាន ការជួញដូរគ្រឿងញៀន ខុសច្បាប់ សកម្មភាពភេវកម្ម ការជួញដូរអាវុធខុសច្បាប់ ការជួញដូរមនុស្ស បទល្មើសសត្វព្រៃ បទល្មើសផ្ទៃសមុទ្រ បទល្មើសពាណិជ្ជកម្មធនាគារ និងបណ្ណឥណទានក្លែងក្លាយ បទល្មើសបច្ចេកវិទ្យា ឯកសារធ្វើដំណើរក្លែងក្លាយ និងបទល្មើសឆ្លងដែន។

អង្គសន្និសីទ ក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅ មកពេលមានគ្រាអាសន្ន ការបណ្តុះបណ្តាលពង្រឹង សមត្ថភាពកងកម្លាំងនគរបាល ក្នុងប្រទេសអាស៊ាន ការបន្តអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យអាស៊ានណាប៉ូល e-ADS 2.0 វិច្ឆ័យនគរបាលអាស៊ាន។ ជាមួយនោះ សន្និសីទក៏បានឯកភាពទទួល យកសំណូមពររបស់ ប្រទេសស្ថាប័នចំនួន ០៤ (នគរបាល Bangladesh នាយកដ្ឋានសន្តិសុខសាធារណៈអ៊ីតាលី ក្រសួងមហាផ្ទៃ អារ៉ាប់រួម និងនគរបាលសហព័ន្ធ Argentine) ធ្វើជាអ្នកសង្កេតការណ៍របស់អាស៊ានណាប៉ូល ព្រមទាំងបានឯកភាពគ្នា លើកិច្ចការមួយចំនួន ទាក់ទងនឹងការរៀបចំពង្រឹង ដំណើរការលេខាធិការដ្ឋាន អាស៊ានណាប៉ូល។

អង្គសន្និសីទបានបញ្ចប់ដោយការឯកភាព និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលជាផែនទីបង្ហាញផ្លូវដល់ កងកម្លាំងនគរបាល ប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ចន្លោះពីពេលនេះរហូត ដល់សន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដែលបានកំណត់ប្រគល់ ជូនក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលរ៉ាប់រ៉ងធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសអញ្ជើញបិទសន្និសីទអាស៊ានណាប៉ូល លើកទី៤០ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាននៃសន្និសីទនេះ បានលើកឡើងថា សន្និសីទនេះបានបម្រើដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ទម្រង់ និងគ្រប់ប្រភេទ ជាពិសេសប្រភេទឧក្រិដ្ឋកម្មថ្មីៗ ក្នុងគោលបំណងរួម ចំណែកដោយផ្ទាល់ ដើម្បីធ្វើឲ្យសម្រេចចក្ខុវិស័យរបស់អាស៊ាន ក្នុងការអភិវឌ្ឍលើ គ្រប់វិស័យ ខណៈដែលពិភពលោកកំពុងតែខិតខំរំកិលខ្លួន ចេញពីការគំរាមកំហែង នៃជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា តាមរយៈខ្លឹមសារ នៃសេចក្តីថ្លែងការណ៍រួម ដែលបានអនុម័ត និងការដាក់ចេញផែនការសកម្មភាពនានា គួបផ្សំជាមួយទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកប ដោយទស្សនៈសុទិដ្ឋិនិយម រវាងប្រទេសជាសមាជិក និងបណ្ដាតំបន់ផ្សេងៗទៀត នៅលើសកលលោក សង្ឃឹមថា កងកម្លាំងនគរបាលអាស៊ាន នឹងបន្តកសាងស្នាដៃ យ៉ាងធំធេង បង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសការបង្កើត នូវបរិយាកាសសុខដុមនីយកម្ម ធ្វើឲ្យអាស៊ានធ្វើដំណើរឆ្ពោះទៅរកសន្តិភាព ស្ថិរភាព សុវត្ថិភាព ក្នុងស្មារតីសាមគ្គីភាព ឯកភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង