ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌឬស្សីកែវចុះចែក សៀវភៅគ្រួសារ និង អត្រានុកូលដ្ឋានជូន ដល់ប្រជាពលរដ្ឋដោយមិនមានបង់ប្រាក់

35

ភ្នំពេញ ៖ ដោយមានការណែនាំពីអភិបាលរាជធានី លោក ឃួង ស្រេង និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលជាតិ បានជំរុញអោយអាជ្ញាធរខណ្ឌទាំង១៤ និងអធិការខណ្ឌទាំង១៤ ចុះធ្វើចែកសៀវភៅគ្រួសារ ឬអត្រានុកូលដ្ឋានផ្សេងៗ ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងរាជធានីអោយបានលឿន និងគ្រប់ៗគ្នា ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ កម្លាំងនគរបាល និងអាជ្ញាធរតាមសង្កាត់ នៃខណ្ឌឬស្សីកែវ ដឹកនាំដោយវរសេនីយ៍ឯក អេង អេលីយ៉ាន ប្រធានការិយាល័យ នគរបាលរជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ និងចៅសង្កាត់ បានចុះចែកសៀវភៅគ្រួសារ និងអត្រានុកូលដ្ឋានផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដល់ភូមិ និងតាមខ្នងផ្ទះតែម្តង ។

លោកវរសេនីយ៍ឯក អេង អេលីយ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាចុះបើកយុទ្ធនាការ ក្នុងការជំរុញ ផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋទាំង៧សង្កាត់ នៅក្នុងខណ្ឌឫស្សីកែវនេះ គឺធ្វើឡើងតាមភូមិតាម ដល់ខ្នងផ្ទះទាំង៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ ដោយធ្វើឡើងក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨និង០០នាទីព្រឹក រហូតទៅដល់១១ និង ០០ នាទីព្រឹក ចំពោះពេលថ្ងៃ ចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង៤និង០០នាទីល្ងាច តែចំពោះថ្ងៃសៅរ៍ធ្វើតែមួយព្រឹកតែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក អេង អេលីយ៉ាន បានបន្តទៀតថា ការចុះចែកចែកសៀវភៅគ្រួសារ និងអត្រានុកូលដ្ឋានផ្សេងៗជូនដល់ប្រជាពលនេះ ដោយមិនគិតថ្លៃលើសេវាអ្វីនោះទេ គឺចែកជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ តាមតែអាចធ្វើទៅបាន ដោយមិនមានបង់ប្រាក់ឡើយ ។ ជាមួុយគ្នានេះ សង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនដែលមកទទួលនូវសៀវភៅគ្រួសារ សៀវភៅអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់សបុត្រកំណើត និងអត្រានុកូលដ្ឋានផ្សេងៗទៀត បានបង្ហាញនូវសេចក្តីសប្បាយរីករាយបំផុត ។

លោកបញ្ជាក់ថា សូមអោយបងប្អូនប្រជាពលរដ្ឋ អងញ្ជើញយកសៀវភៅចាស់ៗ មកប្តូរយកថ្មី ក៏បាន គឺធ្វើជូនភ្លាមៗ ដោយមិនមានការបង់ប្រាក់នោះឡើយ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា យើងមិនត្រឹមតែចុះចែកសៀវភៅគ្រួសារ និងអត្រានុកូលដ្ឋានផ្សេងៗនោះទេ តែកម្លាំងនគរបាល ស្នើអោយអាជ្ញាធរសង្កាត់ អំពាវនាវឲ្យប្រជាពលរដ្ឋ មកទទួលសៀវភៅគ្រួសារ និងអត្រានុកូលដ្ឋានផ្សេងៗឲ្យបានទាំងអស់គ្នា និងជំរុញ ណែនាំបន្ថែម ឲ្យប្រជាលរដ្ឋចូលរួមចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង