ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល នៃការការពារ របាយការណ៍ជាតិ ពាក់ព័ន្ធនឹងការ អនុវត្តកតិកាសញ្ញា អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ (ICCPR) ជុំទី៣ របស់កម្ពុជា

49

 

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២២បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការ អនុវត្តកតិកាសញ្ញា អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ (ICCPR) ជុំទី៣ របស់កម្ពុជា ។

តំណាងឱ្យ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន អនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូ អន្តរក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចំនួន៩រូប ចូលរួម ការពិនិត្យរបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ (ICCPR) ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី ១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ការពិនិត្យរបាយការណ៍ជាតិរបស់កម្ពុជា បានប្រព្រឹត្តទៅក្នុងទម្រង់ហាយប្រ៊ីដ (Hybrid) ដោយ គណៈប្រតិភូអន្តរក្រសួង/ស្ថាប័នចូលរួមតាមប្រព័ន្ធវីដេអូ ហើយឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ចូលរួមនៅក្នុងសាលប្រជុំ ដោយផ្ទាល់ជាមួយ សមាជិក សមាជិកា របស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ។

ការពិនិត្យរបាយការណ៍ជាតិ ជាយន្តការមួយរបស់ គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលធ្វើឡើងដើម្បីតាម ដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយ ដែលមានចែងនៅក្នុង ICCPR ដោយរដ្ឋភាគី ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបណ្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នា អំពីបញ្ហាសិទ្ធិមនុស្សនោះទេ តែប្រព្រឹត្តទៅក្នុងទម្រង់មួយជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិក សមាជិកានៃគណៈកម្មាធិការ ក្នុងគោលដៅ ចែករំលែក ឬផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវការអនុវត្តល្អៗ បទពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ព្រមទាំងទិសដៅការងារទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្តនិងការគោរព តាមបទប្បញ្ញត្តិ ICCPR នៅក្នុងរដ្ឋភាគី ជាគោលការណ៍រួម ក្រោយពីបញ្ចប់កិច្ចសន្ទនា គណៈកម្មា-ធិការ សិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងចេញជាអនុសាសន៍ផ្សេងៗសម្រាប់ឱ្យរដ្ឋភាគី
ពិនិត្យនិងពិចារណា ក្នុងការអនុវត្តបន្តទៀត ដើម្បីបំពេញនូវចំណុចខ្វះខាត និងធ្វើឱ្យស្ថានភាពសិទ្ធិ ពលរដ្ឋនិងសិទ្ធិនយោបាយ កាន់តែមានភាពល្អប្រសើរឡើង ថែមទៀត។

នៅក្នុងកិច្ចសន្ទនារយៈពេលបីថ្ងៃនេះ សមាជិក សមាជិកានៃ គណៈកម្មាធិការបានសម្តែងនូវ ការកោតសរសើរចំពោះ​វឌ្ឍនភាពនានា ដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិនៃ ICCPR ព្រមទាំងលើកជា សំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែម ពាក់ព័ន្ធនឹងវិស័យមួយចំនួន ដូចជា ក្របខណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំង អំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាព កូវីដ – បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សា ប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធ តុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគមនិងការជួបប្រជុំលំហប្រជាធិបតេយ្យនិង សង្គមស៊ីវិល សិទ្ធិបោះឆ្នោតនិងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហា យុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិច ជាដើម។

ជាការឆ្លើយតប គណៈប្រតិភូកម្ពុជាបានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើ បញ្ហាដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាព ច្បាប់ជាតិនិងអន្តរជាតិ ការអនុវត្ត ជាអន្តរជាតិ ទិដ្ឋភាពនយោបាយ និងបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ព្រមទាំងបានធ្វើ ការបង្ហាញពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលផងដែរ ក្នុង កិច្ចការលើកស្ទួយនិងការពារសិទ្ធិមនុស្ស ជាពិសេសក្នុងស្ថានភាពកូវីដ និងការកសាង ថែរក្សាបាន នូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ។

ជាការសន្និដ្ឋាន ដំណើរការនៃកិច្ចសន្ទនាបែបស្ថាបនានេះ បានផ្តល់ជាវេទិកា មួយសម្រាប់កម្ពុជា ដែលជារដ្ឋភាគីន ICCIR_ក្នុងការបង្ហាញនូវ សមិទ្ធផលនានា ដែលសម្រេចបាន ពន្យល់ បកស្រាយ ចំពោះការចោទប្រកាន់ផ្សេងៗ ពាក់ព័ន្ធនឹង សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដើម្បីបង្ហាញពីកម្ពុជាពិត ហើយក៏ជាឱកាស ក្នុងការទទួលបានអនុសាសន៍ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សផងដែរ។ ទន្ទឹមនេះ កិច្ចសន្ទនាបានប្រព្រឹត្តទៅនិងបញ្ចប់ប្រកបដោយការយោគយល់ ភាពរីករាយ និងសម្រេចបាន លទ្ធផលគួរឱ្យកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង