ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ ផ្ញើសារលិខិតជូន ថ្លែងអំណរគុណកម្ពុជា ដែលតែងតែជួយឡាវ

271

 

ភ្នំពេញ ៖ បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តែងនូវការដឹងគុណ ដល់កម្ពុជា ដែលតែងតែជួយឡាវនៅគ្រាលំបាក។

យោងតាមលិខិត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ផនខាំ វីផាវ៉ាន់ បានបញ្ជាក់ថា ៖ ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រ ជូនចំពោះ សម្តេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ក្នុងឱកាសដែលខ្ញុំបានទៅ បំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ និងការផ្ដល់ជំនួយចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ការពារទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ រួមមានថវិកាចំនួន ១៣លានដុល្លារអាមេរិក វ៉ាក់សាំងចំនួន ៥០០ ០០០ដូស និងរថយន្ត ដឹកវ៉ាក់សំាងចំនួន ១៣គ្រឿង។ ថ្ងៃនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ណងណុកខៀន-ត្រពាំងក្រៀល មានពិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំង ចំនួន ១០គ្រឿងបន្ថែមទៀត បន្ទាប់ពី មានពិធីប្រគល់-ទទួលនូវរថយន្តដឹកវ៉ាក់សាំង ចំនួន ០៣គ្រឿង កាលពីចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ បានបន្ថែមថា ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលផ្ដល់ជំនួយចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ជាពិសេសក្នុងពេលដែលប្រទេសយើងទាំងពីរ កំពុងប្រឈមនឹងការឆ្លងរាលដាល យ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយកម្ពុជាខ្លួនឯងនៅ តែមានទឹកចិត្ត ដោយបាន ផ្ដល់ជំនួយដូចបានជម្រាប ជូនខាងលើដល់ឡាវ ដែលជាផ្នែកមួយនៃការចូលរួម ជួយឱ្យយើងខ្ញុំ អាចឈានទៅសម្រេចគោលដៅ នៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋឡាវ តាមការគ្រោងទុក។

ជំនួយដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញឱ្យឃើញ នូវសេចក្ដីព្រួយបារម្ព ការយកចិត្តទុកដាក់ និងទឹកចិត្តជ្រះថ្លារបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជា សរបញ្ជាក់នូវទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល សាមគ្គីភាពជាប្រពៃណី ដែលមានជាយូរលង់មកហើយ និងកិច្ចសហការ ក្នុងនាមប្រទេសភូមិផង របងជាមួយ ក្នុងស្មារតីភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេររឹងមំា រវាងប្រទេសយើង ទាំងពីរឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កាជានិរន្តរ៍។

សូមរម្លឹកថា មិនត្រឹមតែឡាវនោះទេ កម្ពុជាក៏បានផ្តល់ជំនួយជាថវិកា ម៉ាស និងសម្ភារវេជ្ជសាស្ត្រជាច្រើន ដល់ប្រទេសក្នុងតំបន់រួចមកហើយ មានដូចជា សហភាពមីយ៉ាន់ វៀតណាម ទីម័រឡេសស្តេ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង