ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ស្ថាបនាកំណាត់ផ្លូវចំនួន២ខ្សែ ដើម្បីរំដោះចរាចរណ៍ ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះ ឈ្នះ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣

431

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន២ខ្សែទៀត ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍នៅក្នុងឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៦ មីនានេះថា៖ កំណាត់ផ្លូវ២ខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានី ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន២ឆ្នាំ ។ ការដ្ឋាននេះបានចាប់ផ្តើមពីខែមករាឆ្នាំ២០២១ ហើយគ្រោងនិងបញ្ចប់ នៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែដែលបាននិងកំពុងស្ថាបនានេះរួមមាន៖ ផ្លូវទី១ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូវងផ្លូវបែង ចែកចរាចរ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប ៨២៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ ។ ដាក់លូសងខាងផ្លូវទំហំ១,២ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ ដល់ស្ពានព្រែកតាគង់។ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រ ចាប់ពីស្ពានព្រែកតាគង់ ដល់ព្រែកម្រៀល។ ដាក់លូប្រអប់សង់ខាងទំហំ២,៥ម៉ែត្រគុណ២ម៉ែត្រពីរជួរ ចាប់ពីព្រែកម្រៀល ដល់ផ្លូវខ្សែទី៣ ។ ដាក់លូប្រអប់សងខាងផ្លូវទំហំ១,៥ម៉ែត្រ ចាប់ពីសាលាព្រែករាំងដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។

ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រទទឹងផ្លូវ ១៥ម៉ែត្ររៀប ខឿនទ្រូងផ្លូវ បែងចែកចរាចរ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប២០ ម៉ែត្រ ប្រវែងសរុប៦៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ត្រង់ចំណុច PK0+830 ដល់មហាវិថីឈ្នះឈ្នះ ។

ដាក់លូសងខាងផ្លូវទំហំ១ម៉ែត្រចាប់ពីផ្លូវខ្សែទី២ដល់មាត់ព្រែកតាគង់ ។ ដាក់លូប្រអប់ ទំហំ២,៥ម៉ែត្រគុណ២ម៉ែត្រ ពីរជួរចាប់ពីមាត់ព្រែកតាគង់ ដល់ចំណុច ផ្លូវទំនប់ឧកញ្ញ៉ាលីយ៉ុងផាត់ ។ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រ ចាប់ពីផ្លូវទំនប់ឧកញ៉ាលីយ៉ុងផាត់ ដល់មហាវិថីឈ្នះឈ្នះ៕

អត្ថបទដែលជាប់ទាក់ទង