ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាធ្វើឲ្យគុណភាព ជីវិតកាន់តែរឹងមាំ

277

ភ្នំពេញ៖កាលពីចុងសប្ដាហ៍កន្លងមកនេះក្នុងពិធីបើកការប្រកួតកីឡាជនពិការលើកទី៤ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣(CAMSOC)មានប្រសាសន៍ថាកីឡាមានអត្ថប្រយោជន៍សម្រាប់គុណតម្លៃនិងធ្វើឲ្យមានគុណភាពជីវិតកាន់តែរឹងមាំ។

ការប្រកួតដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការហ្វឹកហាត់កីឡានេះ ធ្វើឲ្យបងប្អូនពិការទាំងអស់ក្លាយទៅជាមនុស្សរឹងមាំបើទោះបីជាខ្លួនមានពិការភាពនៅក្នុងផ្នែកណាមួយនៃរាងកាយក៏ដោយ ប៉ុន្តែកីឡាជួយឲ្យខ្លួនយើងរឹងមាំទាំងកម្លាំងកាយនិងប្រាជ្ញាស្មារតី។
ការហ្វឹកហាត់កីឡាគឺដើម្បីសម្រួចគោលដៅឆ្ពោះទៅ
ដណ្តើមមេដាយប៉ុន្តែមេដាយមិនមែនជារឿងសំខាន់បំផុតនោះទេ។

អ្វីដែលសំខាន់បំផុតនៃការលេងកីឡាគឺដើម្បីការកសាងគុណតម្លៃនៃជីវិតរបស់បងប្អូនដែលមានពិការភាពទាំងអស់គ្នា។
ឯកឧត្តមបន្តថាថ្នាក់ដឹកនាំដែលនៅជុំវិញបងប្អូនទាំងអស់គ្នាគឺជាអ្នកផ្តល់ការគាំទ្រនិងជាអ្នកបម្រើឲ្យបងប្អូនទាំងអស់គ្នា ដើម្បីឆ្ពោះទៅស្វែងរកគោលដៅនៃការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣បន្ទាប់ពីបញ្ចប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

បងប្អូនត្រូវតែមានមោទកភាពជាតិទាំងអស់គ្នាដូច្នេះបង
ប្អូនត្រូវមានភាពក្លាហានខិតខំហ្វឹកហាត់មានឆន្ទៈដ៏មោះមុតឆ្ពោះទៅធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា។ ថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធទាំងអស់គ្នាគ្មានអ្វីក្រៅពីការលើកទឹកចិត្តជូនដល់កីឡាករកីឡាការិនីពិការទេដើម្បីសម្រួចគោលដៅរួមគ្នាឲ្យកាន់តែមុតស្រួច។អ្វីដែលសំខាន់គឺត្រូវធ្វើឲ្យខ្លួន
ឯងក្លាយទៅជាម្ចាស់ជើងឯក។

ដើម្បីធ្វើឲ្យខ្លួនឯងក្លាយជាជើងឯកគឺគ្មានអ្វីក្រៅពីការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លាដែលនេះគឺជាមធ្យោបាយតែមួយគត់ ក្នុងការរុញឲ្យទៅដល់ជើងឯក។
ការហ្វឹកហាត់កីឡានេះ មិនមែនត្រឹមតែមានកម្លាំងល្អ បច្ចេកទេសល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបានការហ្វឹក
ហាត់ផ្នែកស្មារតីនិងទទួលបានផលប្រយោជន៍នូវស្មារតីមកជាមួយគ្នាដែរ។ ដូច្នេះ ស្មារតីរឹងមាំ ស្មារតីមុតស្រួច គឺយើងអាចឈ្នះនូវគុណតម្លៃនៃជីវិតរបស់យើង។

ឯកឧត្តមបានលើកទឹកចិត្តដល់អត្តពលិកពិការទាំងអស់ ឲ្យបន្តឆន្ទៈបន្តការហ្វឹកហាត់បន្ថែមទៀតដើម្បីដើរលើមាគ៌ាឆ្ពោះទៅរកគោលដៅប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់។
ជាមួយនិងការបញ្ជ្រាបចំណេះដឹងដ៏ស៊ីជម្រៅបន្ថែមទៀតនោះឯកឧត្តមអគ្គលេខាធិការក៏បានស្នើឲ្យអ្នកហ្វឹកហាត់កីឡាជាជនពិការទាំងអស់គប្បីសួរខ្លួនឯងរាល់ថ្ងៃដោយភាពវិជ្ជមាននៃក្តីសង្ឃឹម កុំសួរខ្លួនឯងដោយក្តីអស់សង្ឃឹម។
ឧបសគ្គ មិនមែនជាភាពទាល់ច្រកនោះទេ ប៉ុន្តែឧបសគ្គ គ្រាន់តែជាមេរៀន សម្រាប់ការដោះស្រាយ បើមានឧបសគ្គ យើងត្រូវឆ្លងកាត់វាឲ្យបាន។
ឧបសគ្គគ្រាន់តែជាមេរៀនជីវិតប៉ុណ្ណោះហើយមិនត្រូវចាត់ទុកវាជាចុងបញ្ចប់នៃជីវិតនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង