ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាសន៍ និងសំណូមពរ ៥ ចំណុច របស់សម្ដេចប្រធាន CAMSOC

96

សៀមរាប ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី១០មេសានេះ នៅខេត្តសៀមរាប សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC)
បានផ្ដល់អនុសាសន៍ និងសំណូមពរចំនួន ៥ ចំណុច ។

១៖កម្ពុជាជាប្រទេសតូចប៉ុន្តែមានបេះដូងធំមានឆន្ទៈពិតប្រាកដប្ដេជ្ញា ខិតខំប្រឹងប្រែងអស់លទ្ធភាពរៀបចំការ ប្រកួត SEA Games-ASEAN Para Games 2023 តាមប្រតិទិន និងកម្មវិធីដែលបានគ្រោងទុក និងប្តេជ្ញាខិតខំអនុវត្តតាមការផ្តល់ទំនុកចិត្ត របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។

២៖SEA Games 2023 កម្ពុជាផ្តោតការយកចិត្តទុកដាក់គោរពគោលកាណ៍កីឡាស្អាតស្អំ និងកីឡាបៃតងដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាទទទួលសេចក្តីសម្រេច ពីអង្គការសហប្រជាជាតិ ស្តីពី «កីឡាដើម្បីសកម្មភាពបម្រែបម្រួលអាកាសធាតុ-UN Sport for Climate Change Action» កាលពី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។

៣៖ រាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មាធិការជាតិ CAMSOC បានសម្រេចដាក់ចេញនូវប្រតិបត្តិការរៀបចំ SEA Games-ASEAN Para Games 2023 តាមយុទ្ធវិធី និងយុទ្ធសាស្ត្រ «សន្សំសំចៃ តែផ្តល់នូវភាពអស្ចារ្យ Saving Games but delivering the Best Games»។

៤៖ សម្ដេចបានគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកខេត្ត
សៀមរាប ប្រារព្ធព្រះរាជពិធីសុំភ្លើងអាទិទេពកីឡា រួចរត់ដង្ហែរភ្លើងគប់ទៅគ្រប់ប្រទេសជាសមាជិក SEA Games។ ដូចនេះ សូមគណៈកម្មាធិការជាតិអូឡាំពិក ជាសមាជិកក្រុមប្រឹក្សាជួយគាំទ្រ និងរៀបចំពិធីដង្ហែរភ្លើងគប់នេះឱ្យទទួលបានជោគជ័យ។

៥៖ ជាមួយគ្នានេះសម្ដេចបានសំណូមពរបណ្តាប្រទេសសមាជិក និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដូចខាងក្រោម៖ យោគយល់ដល់កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច និងកម្រិតសេដ្ឋកិច្ច មធ្យមកម្រិតទាបនៅឡើយ។

យោគយល់ដល់កម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុតប្រាកដជា មានការខ្វះខាត យោគយល់បន្ធូរបន្ថយក្រិតក្រម ឬលក្ខខណ្ឌតម្រូវមួយចំនួន ដើម្បីទុកលទ្ធភាពឱ្យកម្ពុជា បំពេញកាតព្វកិច្ចរៀបចំ SEA Games 2023 ឱ្យទទួលបានជោគជ័យ។

ផ្តល់ការគាំទ្រក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងជាមហាគ្រួសារកីឡាក្នុងតំបន់ ដល់សេចក្តីត្រូវការ មួយចំនួនរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត SEA Games 2023 សម្រាប់ប្រជាជន យុវជនកម្ពុជាផង និងសម្រាប់ប្រជាជន យុវជន បណ្តាប្រទេសជាសមាជិក SEA Games ផង។

ជួយផ្តល់ការផ្សព្វផ្សាយកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games 2023 “CAMBODIA 2023, SEA Games-ASEAN Para Games 2023 ទូលាយ ដើម្បីបន្ថែមគុណតម្លៃដល់កេរ្តិ៍ឈ្មោះ SEA Games ទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង